ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៦
អង្គភាពប៉ូលិសពិសេសមួយក្រុមបានបាញ់សម្លាប់ចោរប្លន់ប្រដាប់អាវុធដែលបានចាប់មនុស្ស ៦នាក់ធ្វើជាចំណាប់ខ្មាំងក្នុងសាខាធនាគារមួយកន្លែងភាគខាងកើតទីក្រុងម៉ូស្គូ។ គួរបញ្ជាក់ផងដែរថាមិនមានចំណាប់ខ្មាំងណាម្នាក់ទទួលរងរបួសនោះទេ។ អ្នកនាំពាក្យប៉ូលិសក្រុងម៉ូស្គូនិយាយថា “ជនសង្ស័យព្យាយាមបំផ្ទុះគ្រាប់បែកឆ្នៃ ខណៈដែលក្រុមជំនាញពិសេសសំរុកចូលទៅក្នុងអាគារ”។ ប្រអប់មួយដែលមានខ្សែត្រូវបានរកឃើញនៅលើខ្លួនរបស់ជននេះ។ ជនសង្ស័យអះអាងថាខ្លួនមានគ្រាប់បែកអំឡុងពេលចរចារជាមួយក្រុមប៉ូលិស។ យោងតាមប្រភពព័ត៌មានពី TASS មិនមានឧបករណ៍គ្រឿងផ្ទុះអ្វីនោះទេ វាគ្រាន់តែជាតុក្កតាមួយតែប៉ុណ្ណោះ៕