ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៦
ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីបឲ្យដឹងថាយន្តហោះមួយគ្រឿងដែលមានដឹកអ្នកដំណើរ និងនាវិក ៦៦នាក់ធ្វើដំណើរពីទីក្រុងបារីស ទៅកាន់ទីក្រុងគែរបានបាត់ពីប្រព័ន្ធរ៉ាដាលើសមុទ្រមេឌីទែរ៉ាណេ។ មន្រ្តីក្រុមហ៊ុនអាកាសចរណ៍ និងនាយកដ្ឋានអាកាសចរណ៍ស៊ីវិល បាននិយាយថាពួកគេជឿជាក់ថាយន្តហោះអេហ្ស៊ីបប្រភេទ Airbus A៣២០ ប្រហែលជាអាចធ្លាក់ចូលក្នុងសមុទ្រ ខណៈដែលយន្តហោះនេះមានអ្នកដំណើរជនជាតិអេហ្ស៊ីប ៣០នាក់ជនជាតិបារាំង ១៥នាក់ អង់គ្លេសម្នាក់ និងជនជាតិបែលហ្ស៊ិកម្នាក់។ អ្នកនាំពាក្យក្រសួងការបរទេសបារាំងបានឲ្យដឹងថាខ្លួនមិនបានទទួលព័ត៌មានបន្ថែមអំពីការបាត់យន្តហោះនេះទេ ហើយអាជ្ញាធរអាកាសចរណ៍ស៊ីវិល បារាំងមិនអាចផ្តល់ការបកស្រាយភ្លាមៗបានផងដែរ។ នៅក្រោមច្បាប់អាកាសចរណ៍អង្គការសហប្រជាជាតិ ប្រទេសអេហ្ស៊ីបនឹងដឹកនាំការស៊ើបអង្កេតឧបទ្ទវហេតុដោយស្វ័យប្រវត្តិ ដោយបានជំនួយពីបណ្តាប្រទេសនានារួមមានប្រទេសបារាំង ប្រសិនបើបញ្ជាក់ថាយន្តហោះក្រុមហ៊ុន Airbus មានពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ៕