ប្រភពព័ត៌មានពី New York Time ចេញផ្សាយថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៦
សភាបារាំងបានបោះឆ្នោតពន្យាពេលការប្រកាសរដ្ឋស្ថិតក្នុងភាពអាសន្នសំរាប់រយៈពេលពីរខែបន្ថែមទៀតចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ២៥ ខែកក្កដា។ សភាជាន់ទាបបានអនុម័តការពន្យាពេលបន្ថែមដោយការបោះឆ្នោត ៤៦សំលេង រយៈពេលមួយសប្តាហ៍បន្ទាប់ពីត្រូវបានអនុម័តដោយសំលេងភាគច្រើននៅក្នុងសភាជាន់ខ្ពស់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក បឺណាដ ខាសេននឺវ និយាយថាប្រទេសបារាំងបានរារាំងការវាយប្រហារភេរវកម្ម ៧លើក និងបានស៊ើបអង្កេតព្រមទាំងចាប់ខ្លួនមនុស្សជាង ៤០០នាក់ចាប់តាំងពីការបាញ់ប្រហារនៅការិយាល័យកាសែត ឆាលី ហេបដូ កាលពីខែមករា ឆ្នាំ២០១៥។ លោកបានបន្ថែមថាការគំរាមកំហែងភេរវកម្មនៅតែមានកំរិតខ្ពស់នៅក្នុងប្រទេសបារាំង ក៏ដូចជានៅសហភាពអឺរ៉ុបដែលជាគោលដៅចម្បង។ អ្នកនាំពាក្យគណកម្មាធិការតុលាការបារាំង លោក ប៉ាស្កាល់ ពូបលីន និយាយថាការបន្ថែមពេលប្រកាសរដ្ឋស្ថិតក្នុងភាពអាសន្ននេះមានបំណងធានាសុវត្ថិភាពដល់ការប្រកួតជើងឯកអឺរ៉ុប UEFA ២០១៦ នៅចន្លោះថ្ងៃទី ១០ ខែមិថុនា និងថ្ងៃទី ១០ ខែកក្កដា និងព្រឹត្តិការណ៍ Tour de France ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ២៤ខែកក្កដា។ គួរបញ្ជាក់ថាប្រទេសបារាំងប្រកាសរដ្ឋស្ថិតក្នុងភាពអាសន្នបន្ទាប់ពីមានការវាយប្រហារដែលបានសម្លាប់មនុស្ស ១៣០នាក់ក្នុងទីក្រុង ប៉ារីសកាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥៕