មេដឹកនាំតាលីបង់ Mullah​ Mansour ស្លាប់នៅក្នុងការវាយប្រហារអាកាស

0

ប្រភពព័ត៌មានពីក្រុមអាល់កៃដាប្រភព និងតាលីបង់ឲ្យដឹងថា​ មេដឹកនាំក្រុមតាលីបង់លោក Mullah Akhtar Mohamma Mansour បានស្លាប់ក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃសៅរ៍នៅក្នុងប្រទេសប៉ាគីស្ថាន។

 មន្ត្រីសហរដ្ឋអាមេរិកម្នាក់និយាយ​ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកធ្វើឡើងនាម៉ោង ៦ ព្រឹកថ្ងៃសៅរ៍នៅក្នុងតំបន់ដាច់ស្រយាលនៃព្រំដែនប្រទេសប៉ាគីស្ថាន និងអាហ្គានីស្ថាន។ មន្ត្រីបន្តថា លោក Mansour ជាគោលដៅចំបងនៃការវាយប្រហារនេះ ហើយយុទ្ឋជនម្នាក់ផ្សេងទៀតដែលធ្វើដំណើរជាមួយលោក​​ Mansour ទំនងជាត្រូវស្លាប់ក្នុងហេតុការណ៍នេះដែរ។ លោកឧត្តមសេនីយ៍​ Joseph Votel មេបញ្ជាការកណ្តាលសហរដ្ឋអាមេរិកថ្លែងនៅក្នុងសន្និសីទកាសែតមួយថា “មេដឹកនាំក្រុមតាលីបង់ Mansour ម្នាក់នេះដើរតួនាទីជាអ្នកដឹកនាំយ៉ាងសំខាន់ មិនត្រឹមតែដឹកនាំពួកតាលីបង់នោះទេ ថែមទាំងដឹកនាំក្រុមផ្សេងទៀតរួមទាំងបណ្តាញក្រុម Haqqani និងអាល់កៃដាដែលប្រតិបត្ដិការប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិកព្រមទាំងកងកម្លាំងចម្រុះ និងកងកម្លាំងអាហ្វហ្គានីស្ថានអស់រយៈពេលជាយូរមកហើយ ហើយខ្ញុំរីករាយណាស់ដែលគាត់ស្លាប់”។

001