យោងតាមប្រភពព័ត៌មានពី Sun សមាជិកក្រុមរដ្ឋអ៊ីស្លាម IS គ្រោងរៀបចំការវាយប្រហារដែលកំណត់គោលដៅសំខាន់លើអ្នកគាំទ្រកីឡាបាល់ទាត់ Euro ឆ្នាំ ២០១៦ ជនជាតិអង់គ្លេស និងរុស្ស៊ីក្នុងព្រឹត្តការណ៍ប្រកួតនៅក្នុងទីក្រុង Marseille ខាងមុខនេះ។ ទិន្នន័យទាំងអស់នេះទទួលបានពីកុំព្យូទ័រយួរដៃរបស់ជនសង្ស័យក្នុងអំឡុងការវាយប្រហារនៅក្នុងទីក្រុងប៉ារីស។ រូបថតជាច្រើនដែលរកឃើញនៅលើកុំព្យូទ័រយួរដៃរបស់ជនសង្ស័យ Salah Abdeslam អំឡុងពេលការវាយឆ្មក់នៅក្នុងទីក្រុងព្រុចសែលបានបញ្ជាក់អំពីទីក្រុង Marseille ប្រទេសបារាំង ជាកន្លែងដែលប្រទេសអង់គ្លេសគ្រោងនឹងប្រកួតបាល់ទាត់ជាមួយប្រទេសរុស្ស៊ីនៅថ្ងៃទី ១១ ខែមិថុនាខាងមុខនេះ។ ទិន្នន័យដែលទទួលបានក៏បានបង្ហាញថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS អាចនឹងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រដាប់ដោយអាវុធគីមី ព្រមទាំងការបំផ្ទុះគ្រាប់បែកអត្តឃាត និងអាវុធ AK47s ក្នុងការវាយប្រហារធំនេះ។ ទោះបីជាជនសង្ស័យ Abdeslam ត្រូវបានចាប់ខ្លួន អាជ្ញាធរក៏នៅមានការព្រួយបារម្ភអំពីសមាជិកក្រុម ISIS ដ៏ទៃទៀតដែលអាចនឹងបន្តគំរោងការវាយប្រហារនេះ។