ក្រសួងការពារជាតិ កូរ៉េខាងត្បូង រាយការណ៍ថា ប្រទេស កូរ៉េខាងជើង មានបំណងបាញ់មីស៊ីលមួយគ្រាប់ចេញពីឆ្នេរភាគខាងកើតប្រទេស នៅម៉ោង 5 និង 20 នាទី ព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែការបាញ់មីស៊ីលនោះទំនងជាមិនបានជោគជ័យ ។ ប្រធានការិយាល័យកិច្ចការសាធារណនៃកងម្លាំងចម្រុះកូរ៉េខាងត្បូង បញ្ជាក់ថា កងទ័ពរបស់ប្រទេស កូរ៉េខាងត្បូង បានរក្សាការត្រៀមលក្ខណ សម្រាប់ទប់ទល់នឹងការបង្កហេតុណាមួយ ។ ចំណែកសារព័ត៌មាន កូរ៉េខាងត្បូង ផ្សាយថា នៅថ្ងៃអង្គារនេះ ប្រទេស កូរ៉េខាងជើង ព្យាយាមបាញ់មីស៊ីលរយចម្ងាយធម្យម ក្រោយពីរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង ធ្លាប់បានព្យាយាមសាកល្បងចំនួន 3 លើកកាលពីខែមេសា ប៉ុន្តែទទួលបរាជ័យផងដែរ ។ សូមបញ្ជាក់ថា ប្រទេស កូរ៉េខាងជើង មិនធ្លាប់ទទួលបានជោគជ័យជ័យ ក្នុងការបាញ់សាកល្បងមីស៊ីល មូស៊ូដាន ជាមីស៊ីលដែលគេជឿថា អាចទៅដល់ផ្នែកខ្លះនៃប្រទេស ជប៉ុន និងទឹកដីរបស់សហរដ្ឋអាមេរិកនៅលើកោះ ហ្កាំ ។ ការមិនទទួលបានជោគជ័យនៅក្នុងការសាកល្បងបច្ចេកវិទ្យាអាវុធរបស់ប្រទេស កូរ៉េខាងជើង ក្នុងឆ្នាំនេះ ត្រូវបានលើកឡើងក្នុងសន្និសីទគណបក្សពលករកាលពីដើមខែ ដែលធ្វើឡើងជាលើកដំបូងក្នុងរយៈពេល 36 ឆ្នាំ ។ ចំណែកការព្យាយាមសាកល្បងមីស៊ីលនៅថ្ងៃអង្គារនេះ គឺជាការសាកល្បងដំបូង ក្រោយសន្និសីទគណបក្សពលករ ។