ក្រុមបះបោរតាលីបង់ បានសម្រុកចូលតុលាការនៅក្នុងទីក្រុងហ្គាស្នី ប្រទេសអាហ្គានីស្ថាន បាន ប៉ះទង្គិចគ្នាជាមួយប៉ូលីស អស់រយៈពេល យ៉ាងហោចណាស់មួយម៉ោង នៅក្នុងការវាយប្រហារនេះ បណ្តាលអោយមនុស្ស ១០នាក់ស្លាប់ រួមទាំងក្រុមសកម្មប្រយុទ្ធ ៥នាក់។ ការវាយប្រហារនេះ បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុមតាលីបង់ដែលកំពុងប្រយុទ្ធប្រឆាំងដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី អារ៉ាហ្វ ហ្គានី និងបានប្តេជ្ញាដើម្បីស្វែងរកការសងសឹកសម្រាប់ការប្រហារជីវិតអ្នកទោសតាលីបង់ចំនួនប្រាំមួយនាក់ កាលពីខែមុន។ មេប៉ូលីសក្រុង បាននិយាយថា ការវាយឆ្មក់នេះ បានចាប់ផ្តើម នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្លួនឯងនៅឯច្រកទ្វាររបស់តុលាការ និងក្រុមអ្នកវាយប្រហារបួននាក់ទៀត បានប្រយុទ្ធដើម្បីចូលតាមផ្លូវទៅតុលាការ បង្កឱ្យមានការប្រយុទ្ធគ្នារយៈពេលមួយម៉ោង ជាមួយនឹងក្រុមប៉ូលីស។ ក្រុមសកម្មប្រយុទ្ធនេះ បានប្តេជ្ញាសងសឹកចំពោះការប្រហារជីវិត អ្នកទោសតាលីបង់ចំនួនប្រាំមួយ កាលពីថ្ងៃទី ៨ខែឧសភា ដែលត្រូវបានផ្តន្ទាទោស ពីបទល្មើសភេរវកម្មដែលជាផ្នែកមួយនៃគោលនយោបាយសន្តិសុខតឹងរឹងជាងមុន ក្នុងការសងសឹកចំពោះការវាយប្រហារដោយធ្វើអត្តឃាតខ្លួនឯង នៅក្នុងទីក្រុងកាប៊ុល នៅក្នុងខែមេសា ដែលបានសម្លាប់មនុស្ស 64 នាក់។