ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៦
ការវាយលុករបស់កងកម្លាំងអ៊ីរ៉ាក់ប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ក្នុងទីក្រុង Fallujah ត្រូវបានផ្អាកជាបណ្តោះអាសន្នខណៈដែលមានប្រជាជន ៥០,០០០នាក់ក្នុងនោះមានកុមារ ២០,០០០នាក់ជាប់នៅក្នុងទីក្រុង និងកំពុងតែត្រូវការជំនួយ។ ការពន្យារពេលនេះត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ Haider al-Abadi កាលពីថ្ងៃពុធ។ អង្គការសហប្រជាជាតិបានរាយការណ៍ថាយុទ្ធជនក្រុម IS បានប្រើប្រាស់ជនស៊ីវិលជាខែលសម្រាប់ការពារខ្លួន។ កងទ័ពប្រទេសអ៊ីរ៉ាក់នឹងនៅតែបន្តឈរជើងនៅជាយក្រុងនេះរហូតដល់មានការជូនដំណឹងថ្មី។ ភាគច្រើននៃជនស៊ីវិលត្រូវបានជម្លៀសចេញពីទីក្រុង Fallujah ប៉ុន្តែប្រហែលជា ៥០,០០០នាក់ដែលក្នុងនោះប្រមាណជា ២០,០០០នាក់ជាកុមារដែលគេជឿថានៅជាប់ក្នុងទីក្រុងដោយពុំមានការផ្គត់ផ្គង់ស្បៀងអាហារ ទឹក និងថ្នាំពេទ្យគ្រប់គ្រាន់ នេះបើយោងតាមអង្គការយូនីសេហ្វ៕