សេវាកម្មសន្តិសុខរដ្ឋរបស់ប្រទេសអ៊ុយក្រែន បានអោយដឹងថា ជនជាតិបារាំងម្នាក់ត្រូវបានឃុំខ្លួនកាលពីចុងខែឧសភា នៅតាមព្រំដែនជាមួយប្រទេសប៉ូឡូញ គឺជាអ្នកដែលបានរៀបចំផែនការវាយប្រហារនៅក្នុងប្រទេសបារាំង ស្របពេលនឹងការប្រកួតបាល់ទាត់ជើងឯកអឺរ៉ូឆ្នាំ 2016 ។ ទាហានព្រំដែនអ៊ុយក្រែនបានរាយការណ៍ថា បុរសម្នាក់អាយុ 25 ឆ្នាំ ត្រូវបានចាប់ខ្លួនជាមួយនឹង អាវុធនិងគ្រឿងផ្ទុះ រួមទាំងគ្រាប់រ៉ុក្កែតនិងកាំភ្លើងនៅក្នុងរថយន្តរបស់លោក។ ប្រធាន SBU លោក វាស៊ីលី ក្រិតសាក់ (Vasily Gritsak) បាននិយាយថា បុរសម្នាក់នេះ បានទាក់ទងជាមួយក្រុមប្រដាប់អាវុធនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងគោលបំណងទិញអាវុធ និងគ្រឿងផ្ទុះ។ លោក បានបន្ថែមថា គោលដៅរបស់បុរសម្នាក់នេះ រួមបញ្ចូល កន្លែងគោរពបូជារបស់ជនជាតិជិហ្វ និងមូស្លីម និងអគារប្រកួតបាល់ទាត់។ អគាររដ្ឋបាលរដ្ឋាភិបាលបារាំង រួមទាំងអាគារ ដោះស្រាយជាមួយនឹងការប្រមូលពន្ធ ក៏ត្រូវបានកំណត់គោលដៅផងដែរ។ គួរបញ្ជាក់ថា ក្រុមមន្ត្រីសន្ដិសុខនៅតំបន់អឺរ៉ុប មានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ អ៊ីស្លាមបានសម្លាប់មនុស្ស 130 នាក់ នៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង កាលពីខែវិច្ឆិកា និងបានបំផ្ទុះគ្រាប់បែកអត្តឃាត ដែលសម្លាប់មនុស្ស 32 នាក់នៅព្រលានយន្តហោះអន្តរជាតិសំខាន់របស់ប្រទេស ប៊ែលហ្សិក និងនៅលើរថភ្លើងក្រោមដីទីក្រុងព្រុចសែលនៅខែមីនា។