ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៦
ក្រុមបះបោរដែលគេសង្ស័យថាជាក្រុមតាលីបង់នៅក្នុងប្រទេសអាហ្គានីស្ថានបានចាប់ជំរិតមនុស្ស ៥០នាក់នៅភាគខាងជើងប្រទេស បន្ទាប់ពីការសំលាប់មនុស្ស ១២នាក់នៅភាគខាងកើតប្រទេស។ អភិបាលខេត្តគុនឌុសនិយាយថាកងកំលាំងសន្តិសុខអាហ្គានីស្ថាន បានចាប់ផ្តើមប្រតិបត្តិការស្វែងរកនៅក្នុងខេត្តគុនឌុសដើម្បីរំដោះចំណាប់ខ្មាំងជនស៊ីវិលដែលចាប់ខ្លូនដោយក្រុមតាលីបង់ពីរថយន្តក្រុងមួយគ្រឿង ខណៈដែលធ្វើដំណើរពីទីក្រុងកាប៊ុលទៅកាន់ខេត្តតាខាតាមបណ្តោយផ្លូវគុនឌុស។ អ្នកដំណើរម្នាក់ដែលបានរត់គេចខ្លួន ចេញពីរថយន្តក្រុងបានរៀបរាប់ពីហេតុការណ៍នេះ ខណៈដែលពួកយើងកំពុងធ្វើដំណើរទៅកាន់ខេត្តតាខាស្រាប់តែរថយន្តក្រុងត្រូវបានបញ្ឈប់ដោយក្រុមសកម្មប្រយុទ្ធ បន្ទាប់មកពួកគេចាប់ចំណាត់ខ្មាំងជាង ៤០នាក់ ប៉ុន្តែមានការប៉ះទង្គិចគ្នាកើតឡើងក្នុងចំណោមពួកគេ ហើយបន្ទាប់មកលោកបានរត់គេចខ្លួនរួមជាមួយមនុស្ស ២នាក់ផ្សេងទៀត។ គួរបញ្ជាក់ថាភ្ញៀវទេសចរប្រឈមមុខនឹងការធ្វើឃាត ការចាប់ជំរិតនៅលើផ្លូវធ្វើដំណើរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈដែលក្រុមឧទ្ទាមបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩នាក់ និងចាប់ជំរិត ២០នាក់នៅពេលពួកគេបានស្ទាក់រថយន្តក្រុងបីគ្រឿងក្នុងខេត្តគុនឌុសកាលពីខែមុនដែលក្រុមតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការជំរិតនោះ៕