ទាហានអ៊ីរ៉ាក់ទំលាក់គ្រាប់បែកលើទីតាំងក្រុមរដ្ឋ​អ៊ីស្លាម​ជាច្រើនផ្សេងគ្នា

0

ប្រភពព័ត៌មានពី NRT ចេញផ្សាយថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៦

ទាហានអ៊ីរ៉ាក់បញ្ជាក់ថាពួកគេបានវាយបណ្ដេញក្រុមជីវពលរដ្ឋអ៊ីស្លាមក្នុងសង្កាត់របស់ទីក្រុងហ្វាលូចាដែលជាមូលដ្ឋានធំបំផុតទី២របស់ក្រុមរដ្ឋអ៊ីស្លាមស្ថិតនៅភាគខាងលិចទីក្រុងបាដាដបន្ទាប់ពីពួកគេឡោមព័ទ្ធទីប្រជុំជនជុំវិញទីក្រុងហ្វាលូចា។ កងកម្លាំងអ៊ីរ៉ាក់ ជោគជ័យកាន់តែច្រើននៅក្នុងប្រតិបត្តិការដណ្ដើមយកទីក្រុងហ្វាលូចាពីក្រុមរដ្ឋអ៊ីស្លាមជាយុទ្ធនាការដែលរហូតមកដល់ពេលនេះមានរយៈពេល២សប្ដាហ៍ដោយអ្នកនាំពាក្យកងទ័ពអ៊ីរ៉ាក់បញ្ជាក់ថាតំបន់ទាំងឡាយនៅជុំវិញទីក្រុងហ្វាលូចាត្រូវបានរំដោះ ចំណែកឯមូលដ្ឋានរបស់ក្រុមភេរវជននៅកណ្ដាលទីក្រុងកំពុងស្ថិតក្រោមការឡោមព័ទ្ធ។ នេះជាការប្រយុទ្ធរួមគ្នារវាងកងទ័ពរដ្ឋាភិបាល និងជីវពលស៊ីអ៊ីតគាំទ្រដោយយន្តហោះអាមេរិក និងទាហានថ្មើរជើងអ៊ីរ៉ង់ ដែលវាយប្រហារពីគ្រប់ទិសសំដៅទៅរកមូលដ្ឋានរបស់ក្រុមរដ្ឋអ៊ីស្លាមនៅកណ្ដាលទីក្រុងហ្វាលូចា ចំណែកយន្តហោះរដ្ឋាភិបាលអ៊ីរ៉ាក់បន្តវាយឆ្មក់ជាប្រចាំ។ ទោះជាយ៉ាងណាការរុលទៅមុខនៅតែមានល្បឿនយឺត ព្រោះទាហានត្រូវទទួលភារកិច្ចសង្គ្រោះពលរដ្ឋដែលជាប់ក្នុងទីក្រុង និងត្រូវដោះគ្រាប់មិនទាន់ផ្ទុះដែលក្រុមរដ្ឋអ៊ីស្លាមបង្កប់នៅគ្រប់ទីកន្លែង៕

Iraq 10-06-16