ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ១១ខែ មិថុនា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានមនុស្ស ៨នាក់ស្លាប់ និងច្រើននាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃសៅរ៍នេះក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយនៅជាយក្រុងដាម៉ាស (Damascus) នៃរដ្ឋធានីស៊ីរី។ ទូរទស្សន៍រដ្ឋស៊ីរី និងទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋស៊ីរី SANA បានឲ្យដឹងថាការបំផ្ទុះគ្រាប់បែកនៅតំបន់ Sayyida Zeinab ដែលជាភាគខាងត្បូងនៃក្រុងដាម៉ាស (Damascus) នេះបានសម្លាប់មនុស្សចំនួន៨នាក់ និងរងរបួស ១៣នាក់។ ក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សដែលមានមូលដ្ឋាននៅប្រទេសស៊ីរីបានឲ្យដឹងថាមានមនុស្សចំនួន ២០នាក់ត្រូវសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកចំនួន២គ្រាប់។ ប៉ូលិសប្រាប់សារព័ត៌មាន SANA ថាការផ្ទុះដំបូងគឺនៅច្រកចូលនៃទីក្រុងនេះ ដោយអ្នកវាយប្រហារគ្រាប់បែកអត្តឃាតពាក់ខ្សែក្រវ៉ាត់ដែលមានសារធាតុរំសេវផ្ទុះ ហើយគ្រាប់បែកទី២ផ្ទុះចេញពីរថយន្តដែលលាក់ទុកនៅនឹងខ្លួន។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Amaq បានឲ្យដឹងថាក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាមអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះ ហើយបាននិយាយថាអ្នកវាយប្រហារមានគ្នា៣នាក់។ វីដេអូនៅកន្លែងកើតហេតុបានចាក់ផ្សាយនៅលើទូរទស្សន៍រដ្ឋស៊ីរី បង្ហាញថារថយន្តជាច្រើន និងហាងលក់ឥវ៉ាន់ជាច្រើនកំពុងមានភ្លើងឆេះ និងយ៉ាងហោចណាស់មានអគារចំនួន២ខូចខាតយ៉ាងខ្លាំង។ ស្នាមប្រឡាក់ឈាមអាចត្រូវបានគេមើលឃើញនៅលើផ្លូវ។ សារព័ត៌មាន SANA បានដកស្រង់សម្តីនាយករដ្ឋមន្រ្តី Wael al-Hallqi ដោយបានស្តីបន្ទោសទៅលើប្រទេសទួរគី ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសកាតាសម្រាប់ការនៅពីក្រោយនៃការសម្លាប់រង្គាលដ៏សាហាវឃោរឃៅនេះ។ ប្រទេសទាំង៣ជាអ្នកគាំទ្រដ៏សំខាន់របស់ក្រុមប្រឆាំងស៊ីរី ដែលកំពុងតែព្យាយាមធ្វើការផ្លាស់ប្តូរលោកប្រធានាធិបតីបាសារអាល់អាសាដពីអំណាច៕