ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៣ ខែមិថុនាឆ្នាំ២០១៦
ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានហៅការបាញ់ប្រហារសម្លាប់មនុស្ស ៥០នាក់ក្នុងក្លឹបរាត្រីរបស់មនុស្សភេទទី៣ ក្នុងទីក្រុងអ័រឡែនដូ រដ្ឋ Florida ថាជាអំពើភេរវកម្ម និងជាទង្វើនៃភាពស្អប់ខ្ពើម និងជាការវាយប្រហារទៅលើពលរដ្ឋសហរដ្ឋអាមេរិកទាំងអស់។ ក្រោយការប្រយុទ្ធគ្នា ប៉ូលិសបានសម្លាប់ខ្មាន់កាំភ្លើង ឈ្មោះ អូម៉ា អាយុ ២៩ឆ្នាំជាពលរដ្ឋរស់នៅក្នុងរដ្ឋ Florida។ សមាជិកសភារដ្ឋាភិបាលសហព័ន្ធមួយរូបអះអាងថា ម៉ាទីន អាចជាមនុស្សមានទំនាក់ទំនងនឹងក្រុមរដ្ឋអ៊ីស្លាម។ ចំណែកមន្ត្រីអាមេរិក អះអាងថានៅមិនទាន់មានភស្តុតាងអំពីទំនាក់ទំនងរវាងក្មាន់កាំភ្លើងនឹងក្រុមរដ្ឋអ៊ីស្លាម ឬក្រុមជ្រុលនិយមណាមួយនៅឡើយទេ និងកំពុងបន្តការស៊ើបអង្កេត។ លោក អូបាម៉ា បញ្ជាដល់រដ្ឋាភិបាលសហព័ន្ធឲ្យជួយដល់ប៉ូលិសរដ្ឋ Florida ក្នុងការស៊ើបអង្កេតទៅលើឧបទ្ទវហេតុនេះ។ មនុស្ស ៥៣នាក់ផ្សេងទៀតរងរបួសនៅក្នុងឧបទ្ទវហេតុសម្លាប់រង្គាលមនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិកគឺច្រើនជាងការសម្លាប់មនុស្ស ៣២នាក់ក្នុងឆ្នាំ២០០៧ ក្នុងសាកលវិទ្យាល័យរដ្ឋ Virginia៕