ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៦
ការវាយប្រហារតាមអាកាសធ្វើឡើងដោយយន្តហោះរុស្ស៊ី សម្លាប់មនុស្សជាង ២០នាក់ក្នុងទីក្រុងអ៊ីតលីប ភាគពាយ័ព្យប្រទេសស៊ីរី តាមរយៈវីដេអូមួយដែលចុះផ្សាយតាមបណ្ដាញសង្គមបង្ហាញឲ្យឃើញបុគ្គលិកកំពុងព្យាយាមជួយសង្គ្រោះជនស៊ីវិល ក្រោយការទម្លាក់គ្រាប់បែក។ ភ្នាក់ងារតាមដានស្ថានការណ៍ក្នុងប្រទេសស៊ីរី រាយការណ៍ថាទីផ្សារមួយកន្លែងទទួលរងការទម្លាក់គ្រាប់បែកដោយមានកុមារ ៥នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ ហើយចំនួនអ្នកស្លាប់អាចកើនឡើងកាន់តែច្រើនព្រោះតែប្រជាជនរងរបួសធ្ងន់ធ្ងរ ប៉ុន្តែភ្នាក់ងារមិនបានបញ្ជាក់ថាយន្តហោះដែលទម្លាក់គ្រាប់បែកនោះជាយន្តហោះរុស្ស៊ី ឬយន្តហោះរបស់រដ្ឋាភិបាលស៊ីរីឡើយ ។ ប្រទេសរុស្ស៊ី បានដាក់ពង្រាយយន្តហោះជាច្រើននៅក្នុងប្រទេសស៊ីរីកាលពីឆ្នាំមុនដើម្បីគាំទ្ររដ្ឋាភិបាលលោក បាសា អាល់អាសាត ប្រឆាំងនឹងក្រុមឧទ្ទាមដែលព្យាយាមផ្ដួលរំលំរដ្ឋាភិបាលស៊ីរី និងដើម្បីគាំទ្រទាហានរដ្ឋាភិបាលក្នុងប្រតិបត្តិការប្រឆាំងក្រុមរដ្ឋអ៊ីស្លាម។ ទីក្រុង អ៊ីតលីប គឺជាមូលដ្ឋានសំខាន់មួយរបស់ក្រុមរដ្ឋអ៊ីស្លាម រួមទាំងរណសិរ្សនូស្រាដែលមានទំនាក់ទំនងនឹងក្រុមអាល់កៃដា។ ការវាយប្រហារតាមអាកាសជាច្រើន ទៅលើតំបន់ភាគខាងត្បូងទីក្រុងអ៊ីតលីបក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ធ្វើឡើងដោយយន្តហោះរុស្ស៊ី និងយន្តហោះរដ្ឋាភិបាលស៊ីរី៕