ឆ្មាំសន្តិសុខបរទេស ១៤នាក់ស្លាប់ ៨នាក់រងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទីក្រុងកាប៊ុល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៦

ប៉ូលិសប្រចាំតំបន់និយាយថាសន្តិសុខជនជាតិនេប៉ាល់ និងអាហ្វហ្គានិស្ថានយ៉ាងហោចណាស់ ១៤នាក់ស្លាប់ និង៨នាក់ផ្សេងទៀតរងរបួសនៅពេលដែលរថយន្តក្រុងធុនតូចមួយគ្រឿងដែលដឹកសន្តិសុខទាំងនេះរងការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ ស្នងការប៉ូលិសក្រុងកាប៊ុលលោក Abdul Rahman Rahimi និយាយកាលពីថ្ងៃចន្ទថាជនរងគ្រោះក្នុងការវាយប្រហារនេះរួមមានទាំងអ្នកចុះកិច្ចសន្យាសន្តិសុខជនជាតិនេប៉ាល់ដែលនៅក្នុងរថយន្តព្រមទាំងប្រជាជនអាហ្វហ្គានីស្ថានដែលនៅក្បែរនោះ។ លោកបន្ថែមថាជនបំផ្ទុះគ្រាប់បែកអត្តឃាតឈរនៅក្បែរបរិវេណផ្ទះរបស់អ្នកចុះកិច្ចសន្យា ហើយក៏ចាប់ផ្តើមវាយប្រហារបំផ្ទុះគ្រាប់មកលើរថយន្តរបស់ពួកគេ។ ជនស៊ីវិលជាច្រើននាក់ដែលនៅផ្សារមួយកន្លែងក្បែរនោះបានរងរបួសក្នុងការបំផ្ទុះនេះផងដែរ។ គួរបញ្ជាក់ផងដែរថាពួកតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter និងអះអាងថាពួកគេកំណត់គោលដៅវាយប្រហារមកលើ “កងកម្លាំងឈ្លានពាន” នៅក្នុងប្រទេសមួយនេះ៕

Kabul 21-06-16