កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបចំនួន២គ្រាប់

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៦

កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបដែលរយៈចម្ងាយមធ្យមចំនួន ២គ្រាប់កាលពីថ្ងៃពុធនេះ ក្នុងគោលបំណងជំទាស់នឹងការដាក់ទណ្ឌកម្មអន្តរជាតិ។ មន្ត្រីយោធាសហរដ្ឋអាមេរិកបាននិយាយថាមីស៊ីលប្រភេទ Musudan ចំនួន ២គ្រាប់បានបាញ់ចេញពីទីក្រុងវ៉ុនសាន (Wonsan) ប្រទេសកូរ៉េខាងជើង និងហោះរំលោងសមុទ្រប្រទេសជប៉ុន ហើយធ្លាក់នៅទីនោះ។ សហប្រធានផ្នែកបុគ្គលិករបស់កូរ៉េខាងត្បូងបាននិយាយថាការបាញ់មីស៊ីលកាលពីថ្ងៃពុធនេះ ចាត់ទុកថាបរាជ័យ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង។ ការបាញ់បង្ហោះនេះគឺជាការសាកល្បងលើកចុងក្រោយបំផុតនៃប្រភេទអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងដែលបានបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ និងនាំឱ្យមានការរឹតបន្តឹងការដាក់ទណ្ឌកម្មអន្ដរជាតិនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ទីបញ្ជាការការពារជាតិអាកាសអាមេរិកខាងជើង (Norad) បានកំណត់ថាមីស៊ីលដែលបានបាញ់ពីប្រទេសកូរ៉េខាងជើងមិនបង្កការគំរាមកំហែងដល់អាមេរិកខាងជើងនោះទេ យើងធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលនេះហើយការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងផ្សេងទៀតគឺជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រភេទមីស៊ីល Musudan នេះត្រូវបានគេជឿថាអាចបាញ់បានរយៈចម្ងាយ ៣,៥០០គីឡូម៉ែត្រ ស្មើនឹង ២,១៨០ម៉ាយដែលធ្វើឲ្យមូលដ្ឋានយោធាសហរដ្ឋអាមេរិកដែលស្ថិតនៅក្នុងប្រទេសជប៉ុន និងកោះហ្គាមស្ថិតនៅក្នុងស្ថានភាពហានិភ័យ។ នៅក្នុងប្រទេសជប៉ុនរដ្ឋមន្ត្រីការពារជាតិលោកឧត្តមសេនីយ៍ Nakatani បានហៅការបាញ់មីស៊ីលនេះជាការបង្កហេតុ ហើយលោកនាយករដ្ឋមន្ត្រី Shinzo Abe បាននិយាយថាជាធម្មតាសកម្មភាពនេះមិនអាចអត់ឱនឲ្យបាន។ ប្រទេសជប៉ុនកាលពីថ្មីៗបានដាក់ពង្រាយកាំជ្រួចមីស៊ីលដើម្បីការពារទីក្រុងតូក្យូ។ អង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មយ៉ាងតឹងរឹងប្រឆាំងនឹងកូរ៉េខាងជើងកាលពីដើមឆ្នាំនេះ បន្ទាប់ពីការធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៤ និងការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន។ លោក John Delury សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Yonsei នៅទីក្រុងសេអ៊ូលបានផ្តល់បទសម្ភាសមួយកាលពីដើមឆ្នាំនេះដោយលោកបាននិយាយថារាល់ពេលដែលកូរ៉េខាងជើងធ្វើការសាកល្បងកាំជ្រួចមីស៊ីល និងសមត្ថភាពនុយក្លេអ៊ែរ ពួកគេបានធ្វើការសិក្សា និងទទួលបានលទ្ធផលល្អប្រសើរជាងមុន៕

NKorea 22-06-16