ការវាយប្រហារភេរវកម្មនៅព្រលានយន្តហោះចំនួន៦ដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងសតវត្សរ៍ទី២១

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៦

ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទីក្រុងអ៊ីស្តង់ប៊ុលថ្មីៗនេះបានសម្លាប់ជិវិតមនុស្សយ៉ាងហោចណាស់ ៤២នាក់តែអត្រានៃការស្លាប់នេះអាចកើនឡើងខណៈដែលអ្នករងរបួសជាច្រើននាក់ទៀតស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ការវាយប្រហារដែលសង្ស័យធ្វើឡើងដោយក្រុម ISIS ស្ថិតនៅក្នុងចំណោមការវាយប្រហារដែលសម្លាប់មនុស្សច្រើនបំផុតដែលធ្វើឡើងដោយក្រុមភេរវករនៅព្រលានយន្តហោះនានាក្នុងពិភពលោក។

ទីតាំង: ព្រលានយន្តហោះអន្តរជាតិ Ataturk ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី
កាលបរិច្ឆេទ : ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៦
ស្លាប់ និងរបួស : ៤២ នាក់ស្លាប់ ២៣៨ នាក់រងរបួស

ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះកើតឡើងនៅច្រកមកដល់នៃព្រលានយន្តហោះអន្តរជាតិ។ ជនភេរវករវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត៣នាក់ជាអ្នកធ្វើការវាយប្រហារ។ អាជ្ញាធរនិយាយថាយោងតាមការស៊ើបអង្កេតជនទាំង៣ បើកការបាញ់ប្រហារមុនពេលបំផ្ទុះខ្លួនរបស់ពួកគេ។

ទីតាំង: ព្រលានយន្តហោះអន្ដរជាតិ Zaventem ទីក្រុងព្រុយសែលប្រទេសបែលហ្ស៊ិក
កាលបរិច្ឆេទ: ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦
ស្លាប់ និងរបួស: ១៤នាក់ស្លាប់ និងប្រមាណជាង ២០០នាក់រងរបួស

ក្រុមភេរវករដែលមានទំនាក់ទំនងនឹងក្រុមឧទ្ទាមអ៊ីស្លាម IS កំណត់គោលដៅវាយប្រហារមកលើច្រកចេញដំណើរនៃព្រលានយន្តហោះ។ ជនបំផ្ទុះគ្រាប់បែកអត្តឃាតធ្វើការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត ២លើកនៅព្រលានយន្តហោះ Zaventem  និងស្ថានីយរថភ្លើង Maelbeek។ ជនបំផ្ទុះគ្រាប់បែកអត្តឃាតត្រូវបានកំណត់អត្តសញ្ញាតម្នាក់ឈ្មោះ Ibrahim El Bakraoui និងម្នាក់ទៀត Najim Laachraoui។

ទីតាំង: ព្រលានយន្តហោះអន្តរជាតិ Domodedovo ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី
កាលបរិច្ឆេទ: ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១១
ស្លាប់ និងរបួស: ៣៧នាក់ស្លាប់ និង១៧០នាក់រងរបួស

ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់វាយប្រហារមកលើច្រកចេញដំណើនៃអាកាសយានដ្ឋានអន្ដរជាតិក្នុងទីក្រុងម៉ូស្គូ។ ពលរដ្ឋ១៣ប្រទេស រួមទាំងប្រទេសរុស្ស៊ីស្ថិតក្នុងចំណោមជនរងគ្រោះ។ ជនបំផ្ទុះគ្រាប់បែកជាបុរសអាយុ ២០ឆ្នាំមកពី Caucasus ខាងជើង។ ក្រោយមកក្រុម Caucasus Emirate ដែលដឹកនាំដោយ Doku Umarov អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

ទីតាំង: ព្រលានយន្តហោះអន្តរជាតិ Jinnah ទីក្រុង Karachi ប្រទេសប៉ាគីស្ថាន
កាលបរិច្ឆេទ: ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៤
ស្លាប់ និងរបួស: ២៦នាក់ស្លាប់ និង១៨នាក់រងរបួស

ការវាយប្រហារកើតឡើងនៅពេលដែលក្រុមតាលីបង់ក្លែងជាកងសន្តិសុខ ហើយសម្រុកចូលទៅក្នុងព្រលានយន្តហោះក្នុងក្រុង Karachi ប្រទេសប៉ាគីស្ថាន។ ពួកសកម្មប្រយុទ្ធចាប់ផ្តើមបើកការបាញ់ប្រហារ និងប្រើប្រាស់គ្រាប់បែកខណៈដែលពួកគេសម្រុកចូលទៅព្រលានយន្តហោះអន្តរជាតិ Jinnah។ ក្រុម Tehrik-i-Taliban Pakistan (TTP) ជាក្រុមភេរវករអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

ទីតាំង: ព្រលានយន្តហោះអន្តរជាតិ Kandahar ប្រទេសអាហ្វហ្គានីស្ថាន
កាលបរិច្ឆេទ: ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៥
ស្លាប់ និងរបួស: ប្រមាណ៥០នាក់ស្លាប់ និង៣៥នាក់រងរបួស

ពួកសកម្មប្រយុទ្ធតាលីបង់ស្លៀកពាក់ឯកសណ្ឋានកងទ័ពប្រដាប់ដោយកាំភ្លើងអាកា៤៧គ្រាប់រ៉ូកែត និងមួយចំនួនទៀតពាក់អាវកាក់គ្រាប់បែកវាយប្រហារមកលើអគារបុគ្គលិករដ្ឋាភិបាល និងមូលដ្ឋានយោធារួមគ្នារបស់អង្គការណាតូ-អាហ្វហ្គានីស្ថាននៅព្រលានយន្តហោះ។

ទីតាំង: ព្រលានយន្តហោះអន្តរជាតិ Adde Adde ទីក្រុង Mogadishu ប្រទេសសូម៉ាលី
កាលបរិច្ឆេទ: ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០០៩
ស្លាប់ និងរបួស: ២១នាក់ស្លាប់ និង៤០នាក់រងរបួស

ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ២ លើកនៅព្រលានយន្តហោះដែលកំពុងរៀបចំកម្មវិធីបេសកកម្មសហភាពអាហ្វ្រិកនៅក្នុងប្រទេសសូម៉ាលី (AMISOM) ក្នុងរដ្ឋធានី Mogadishu។ ជនភេរវករព្យាយាមចូលទៅក្នុងព្រលានយន្តហោះដោយប្រើប្រាស់រថយន្តរបស់អង្គការសហប្រជាជាតិដែលលួចបានចំនួន ២គ្រឿង៕

Plane 30-06-16