ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៦
ប៉ូលិសទួរគីនិយាយថាពួកគេបានឃុំខ្លួនមនុស្សចំនួន១៣នាក់ដែលជាប់ទាក់ទងនឹងការវាយប្រហារភេរវកម្មនៅព្រលានយន្តហោះទីក្រុងអ៊ីស្តង់ប៊ុល ដែលសម្លាប់មនុស្ស៤២នាក់។ ទីភ្នាក់ងារសារព័ត៌មាន Anadolu បានរាយការណ៍ថាជនជាតិបរទេសចំនួន៣នាក់ស្ថិតក្នុងចំណោមជនសង្ស័យត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃព្រហស្បតិ៍នេះ។ អាជ្ញាធរជឿជាក់ថារដ្ឋអ៊ីស្លាមគឺស្ថិតនៅពីក្រោយនៃការវាយប្រហារនេះ ដែលធ្វើឲ្យមនុស្សរងរបួសប្រមាណ ២៣០នាក់។ ទីភ្នាក់ងារសារព័ត៌មានដដែលនេះក៏បានរាយការណ៍បន្ថែមទៀតថាកាលពីថ្ងៃព្រហស្បតិ៍នេះដែរជនសង្ស័យ ៩នាក់ផ្សេងទៀតដែលមានទំនាក់ទំនងជាមួយនឹងក្រុមដែលធ្វើការវាយប្រហារនៅព្រលានយន្តហោះនាទីក្រុងអ៊ីស្តង់ប៊ុល ហើយត្រូវគេស្គាល់ផងដែរថាជាក្រុម ISIL ឬ ISIS ត្រូវបានគេចាប់ខ្លួននៅក្នុងការវាយឆ្មក់របស់ប៉ូលិសនៅក្នុងទីក្រុងឆ្នេរសមុទ្រ Izmir។ ប៉ូលិសនិយាយថាពួកគេបានរកឃើញកាំភ្លើងចំនួន៣ដើម និងឯកសារដែលទាក់ទងទៅនឹងក្រុមជ្រុលនិយមក្នុងអំឡុងពេលនៃការស្វែងរកនេះ៕