ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៦
ប្រភពព័ត៌មានពីមន្រ្តីអ៊ីរ៉ាក់បានឲ្យដឹងថាចំនួនអ្នកស្លាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តដឹកទំនិញដោយក្រុមឧទ្ទាម ISIS ក្នុងទីក្រុងបាដាដបានកើនឡើងដល់ទៅ ២៩២នាក់បន្ទាប់ពីជនរងគ្រោះបានស្លាប់ជាបន្តបន្ទាប់ដោយសាររបួស។ យោងតាមលោក Ahmed Al-Redaini អ្នកនាំពាក្យក្រសួងសុខាភិបាលប្រទេសអ៊ីរ៉ាក់មានមនុស្សចំនួន ២០០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារ។ គួរបញ្ជាក់ផងដែរថាការវាយប្រហារដោយរថយន្តដឹកទំនិញផ្ទុកគ្រាប់បែកមួយគ្រឿងមកលើអាគារលំនៅដ្ឋាន ហាងកាហ្វេ និងហាងលក់របស់របរខណៈដែលតាមដងផ្លូវពោរពេញទៅដោយមនុស្សប្រមូលផ្តុំគ្នាបន្ទាប់ពីការតមអាហារក្នុងពិធីបុណ្យរ៉ាម៉ាដាន។ ក្រុមឧទ្ទាម ISIS អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕