ប្រភពព័ត៌មានពី Channel News Asia ចេញផ្សាយថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៦
យោងតាមប្រភពព័ត៌មានពីមន្រ្តីសន្តិសុខប្រទេសអ៊ីរ៉ាក់ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS អះអាងទទួលខុសត្រូវក្នុងការវាយប្រហារអត្តឃាតចំនួន៣លើកនាថ្ងៃសុក្រនេះ (៨ កក្កដា) នៅជិតចេតិយនិកាយស៊ីអ៊ីតភាគខាងជើងទីក្រុងបាដាដ ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥ នាក់និង ៦០ នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហារមកលើចេតិយរបស់លោក Sayid Mohammed bin Ali al-Hadi បង្កការភ័យខ្លាចពីការកើនឡើងនៃជម្លោះរវាងក្រុមនិកាយស៊ីអ៊ីតរបស់ប្រទេសអ៊ីរ៉ាក់ និងក្រុមស៊ុននី។ ជនភេរវករម្នាក់បានវាយប្រហារបំផ្ទុះខ្លួនឯងនៅច្រកទ្វារខាងក្រៅចេតិយនាម៉ោង១១យប់ (២០:០០) បន្ទាប់មកក្រុមខ្មាន់កាំភ្លើងជាច្រើននាក់ទៀតបានសម្រុកចូលហើយចាប់ផ្តើមធ្វើការបាញ់ប្រហារមកលើប្រជាជនដែលកំពុងថ្វាយបង្គំនៅក្នុងឱកាសនៃពិធីបុណ្យ Eid al-Fitr នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីសន្តិសុខ។ យ៉ាងហោចណាស់មានខ្មាន់កាំភ្លើងម្នាក់ទៀតបានបំផ្ទុះខ្លួនឯងនៅកណ្តាលហ្វូងមនុស្សខណៈដែលភេរវករម្នាក់ទៀតត្រូវបានបាញ់សម្លាប់ដោយអ្នកយាមចេតិយមុនពេលដែលជនទី៣នេះព្យាយាមបំផ្ទុះខ្លួនរបស់គាត់៕