កូរ៉េខាងជើងបាញ់មីស៊ីលចេញពីនាវាមុជទឹក

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ៩ ខែ កក្តដា ឆ្នាំ ២០១៦

កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីនាវាមុជទឹកនៅឆ្នេរសមុទ្រភាគខាងកើតក្នុងទីក្រុងនៃ Sinpo កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍នេះ។ ជាការឆ្លើយតបនឹងភាពរឹងទទឹងរបស់កូរ៉េខាជើង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបញ្ជាក់ថានឹងពង្រីកការដាក់ទណ្ឌកម្មអន្ដរជាតិមកលើកូរ៉េងខាងជើងបន្ថែមទៀត។ មីស៊ីលនេះបាញ់ចេញដោយជោគជ័យពីបំពង់បាញ់បង្ហោះរបស់នាវាមុជទឹកនេះ ប៉ុន្តែបរាជ័យនៅដំណាក់កាលដំបូងរបស់ខ្លួននៃការហោះហើរ។ មីស៊ីលនេះទំនងជាបានហោះបាន ២ ទៅ ៣ គីឡូម៉ែត្រមុនពេលវាផ្ទុះ នេះបើយោងតាមទីភ្នាក់ងារសាព័ត៌មាន Korea’sYonhap បានរាយការណ៍។ ក្នុងសេចក្តីថ្លែងការណ៍របស់បញ្ជាការយុទ្ធសាស្រ្តសហរដ្ឋអាមេរិកបាននិយាយថាបញ្ជាការបានតាមដានដោយសន្មត់ថានេះជាប្រភេទមីស៊ីល KN-១១ ដែលបាញ់ចេញពីនាវាមុជទឹកឆ្នេរខាងកើតរបស់កូរ៉េខាងជើង។ លោក Cmdr. Gary Ross អ្នកនាំពាក្យមន្ទីរបញ្ចកោណបានឱ្យដឹងថា “យើងថ្កោលទោសចំពោះការធ្វើការសាកល្បងមីស៊ីលជាថ្មីរបស់កូរ៉េខាងជើង និងមីស៊ីលផ្សេងទៀតកន្លងមកដែលបានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិ ដែលហាមឃាត់ការបាញ់របស់ប្រទេសកូរ៉េខាងជើងដោយប្រើបច្ចេកវិទ្យាកាំជ្រួចឆ្លងទ្វីប”។ ការបាញ់នេះ បានបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ និងនាំឱ្យមានការរឹតបន្តឹងការដាក់ទណ្ឌកម្មអន្ដរជាតិក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ គួរបញ្ជាក់ផងដែរថាកាលពីខែមិថុនាកន្លងទៅនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបដែលមានរយៈចម្ងាយមធ្យមចំនួន២គ្រាប់។ មន្ត្រីយោធាសហរដ្ឋអាមេរិកបាននិយាយថាមីស៊ីលប្រភេទ Musudan ២គ្រាប់ត្រូវបានបាញ់ចេញពីទីក្រុង Wonsan ប្រទេសកូរ៉េខាងជើង និងហោះហើរពីលើសមុទ្រនៃប្រទេសជប៉ុន ហើយធ្លាក់ចុះនៅទីនោះ។ ប្រភេទមីស៊ីល Musudan ត្រូវបានគេជឿថាអាចបាញ់បានរយៈចម្ងាយរហូតដល់ទៅ ២,១៨០ម៉ាយដែលអាចធ្វើឲ្យមូលដ្ឋានយោធាដ៏សំខាន់របស់សហរដ្ឋអាមេរិកដែលមានមូដ្ឋាននៅប្រទេសជប៉ុន និងកោះ Guam ស្ថិតនៅក្នុងស្ថានភាពហានិភ័យ៕

Korea 11-07-16