មនុស្សម្នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតត្រូវចាប់ជាចំណាប់ខ្មាំងខណៈដែលក្រុមភេរវករវាយប្រហារដណ្តើមយកស្ថានីយប៉ូលិសក្នុងរដ្ឋធានីប្រទេសអាមេនី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៦

មនុស្សម្នាក់បានស្លាប់ និងយ៉ាងហោចណាស់៣នាក់ផ្សេងទៀតរងរបួសខណៈដែលជនប្រដាប់អាវុធមួយក្រុមធ្វើការវាយប្រហារដណ្តើមយកស្ថានីយប៉ូលិសមួយកន្លែងក្នុងរដ្ឋធានី YEREVAN ប្រទេសអាមេនី។ យោងតាមរបាយការណ៍ព័ត៌មានពី TASS បានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស៦នាក់ជាប់ជាចំណាប់ខ្មាំង។ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសន្តិសុខជាតិប្រទេសអាមេនីឲ្យដឹងថាក្នុងអំឡុងកិច្ចចរចាអាជ្ញាធរព្យាយាមបញ្ចុះបញ្ចូលក្រុមភេរវករដើម្បីបញ្ជៀសសកម្មភាពណាមួយដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត និងដោះលែងចំណាប់ខ្មាំងទាំងនោះ។ អាជ្ញាធរបានបញ្ជាក់ថាមេប៉ូលិសក្នុងតំបន់ លោក Valery Osipyan ស្ថិតក្នុងចំណោមចំណាប់ខ្មាំងទាំងនេះ។ ការវាយប្រហារចាប់ផ្តើមនៅពេលដែលក្រុមប្រដាប់អាវុធបើករថយន្តដឹកទំនិញបុកទ្វារអាគារទីស្នាក់ការកណ្តាលការិយាល័យប៉ូលិស និងកាន់កាប់អាគារទាំងស្រុង។ ចំណាប់ខ្មាំង២នាក់ត្រូវបានដោះលែងដោយកងកម្លាំងសន្ដិសុខពិសេសប្រទេសអាមេនី។ គួរបញ្ជាក់ផងដែរថាការវាយប្រហារនេះធ្វើឡើងក្នុងគោលបំណងឲ្យដោះលែងឥស្សរជនបក្សប្រឆាំងលោក Jirair Sefilyan ដែលត្រូវបានឃុំខ្លួននៅថ្ងៃទី ២០ ខែមិថុនា បន្ទាប់ពីអាជ្ញាធរចោទប្រកាន់ថាលោកមានគម្រោងការវាយប្រហារដណ្តើមយកអាគារ និងស្ថានីយផ្សព្វផ្សាយមួយចំនួននៅក្នុងទីក្រុង YEREVAN៕

Amani 18-07-16