ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៦
ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) បានរៀបចំគោលដៅវាយប្រហារមកលើមូលដ្ឋានទ័ពអាកាសដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិកនៅតំបន់មជ្ឈឹមបូពា៌ នេះជាព័ត៌មានដែលទទួលបានពីក្រុមហ៊ុនស៊ើបការណ៍សម្ងាត់មួយរបស់ប្រទេសអ៊ីស្រាអែលបន្ទាប់ពីបាន hacked ទៅក្នុងកម្មវិធីទំនាក់ទំនង Telegram របស់ក្រុមភេរវកម្មនេះ។ យោងតាមក្រុមហ៊ុន Intsights ដែលមានមូលដ្ឋានក្នុងទីក្រុង Herzliya ប្រទេសអ៊ីស្រាអែលបានឲ្យដឹងថាក្រុម IS បញ្ជាក់នៅក្នុងកម្មវិធី Telegram ថាទីតាំងទ័ពអាកាសមួយចំនួនដែលសហរដ្ឋអាមេរិកប្រើប្រាស់ជាគោលដៅសំខាន់ ហើយត្រូវត្រៀមក្នុងការវាយប្រហារ។ មូលដ្ឋានទីតាំងទ័ពអាកាសមួយចំនួនដែលប្រើប្រាស់ដោយកងកម្លាំងសហរដ្ឋអាកាសអាមេរិកស្ថិតនៅក្នុងបញ្ជីគោលដៅវាយប្រហារអាទិភាព ដែលមានដូចជាមូលដ្ឋាននៅក្នុងប្រទេសគុយវ៉ែត បារ៉ែន និងអារ៉ាប់ប៊ីសាអូឌីត នេះបើយោងតាមក្រុមហ៊ុន Intsights។ ប្រភពបន្តថាបញ្ជីទាំងនេះរួមបញ្ចូលទាំងទីតាំង និងគោលដៅពិតប្រាកដនៃព្រលានយន្តហោះ និងទីតាំងទ័ពអាកាសដែលប្រើ ឬធ្លាប់ប្រើកងទ័ពអាកាសសហរដ្ឋអាមេរិកនៅទូទាំងពិភពលោក ក្នុងនោះរួមបញ្ចូលទាំងគោលដៅនៅអាមេរិកឡាទីន អឺរ៉ុប និងអ៊ីស្រាអែលផងដែរ។ គួរបញ្ជាក់ផងដែរថាក្រុម Intel និយាយថាកម្មវិធី Telegram ត្រូវបានប្រើប្រាស់ដោយប្រតិបត្តិករកំពូលទាំង ៥០០នាក់របស់ក្រុម IS ក្នុងការចែករំលែកផែនការ និងទីតាំងគោលដៅសម្រាប់ការវាយប្រហារភេរវកម្ម៕