ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៦
ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ម្នាក់បានឲ្យដឹងថាការវាយប្រហារបំផ្ទុះគ្រាប់បែក ២គ្រាប់កាលពីថ្ងៃពុធម្សិលមិញបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសនៅភាគខាងត្បូងប្រទេសទួរគី។ គ្រាប់បែកមួយគ្រាប់វាយប្រហារមកលើរថយន្ដដឹកប៉ូលិសមួយគ្រឿងនៅខាងក្រៅមន្ទីរពេទ្យរដ្ឋ Mardin ក្នុងតំបន់ Kiziltepe លើព្រំដែនប្រទេសទួរគី និងស៊ីរី។ ការបំផ្ទុះនេះសម្លាប់ជិវិតមនុស្ស ៣នាក់ និងយ៉ាងហោចណាស់ ៣០នាក់ផ្សេងទៀតរងរបួសក្នុងនោះរួមមានទាំងកុមារ ៥នាក់ផងដែរ។ ការវាយប្រហារគ្រាប់បែកទី២ ចេញពីរថយន្តបំផ្ទុះគ្រាប់បែកមួយគ្រឿងនៅលើស្ពានក្បែរទីក្រុង Diyarbakir សម្លាប់ជិវិតមនុស្ស ៥នាក់ និង ៣០នាក់ផ្សេងទៀតរងរបួស។ គួរបញ្ជាក់ផងដែរថាយោងតាមការសន្និដ្ឋានបណ្តោះអាសន្នពួកសកម្មប្រយុទ្ធឃើដគឺស្ថិតនៅពីក្រោយការវាយប្រហារនេះ៕