ឥណ្ឌូនេស៊ីនិយាយថាកប៉ាល់ដឹកប្រេងដែលបានបាត់ទំនងជាត្រូវនាំយកដោយនាវិករបស់ខ្លួន

0

ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៦

អាជ្ញាធរឥណ្ឌូនេស៊ីកាលពីថ្ងៃពុធនេះបានឱ្យដឹងថានាវាដឹកប្រេងឥន្ធនៈដែលបាត់ពីកំពង់ផែម៉ាឡេស៊ីទំនងជាត្រូវនាំយកទៅដោយក្រុមនាវិករបស់ខ្លួនបន្ទាប់ពីមានជម្លោះជាមួយនិយោជករបស់ពួកគេ។ អាជ្ញាធរដែនសមុទ្រម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានស្វែងរកនាវាដែលបាត់នេះរួមគ្នាបន្ទាប់ពីបាត់សញ្ញាទាក់ទងនៅល្ងាចថ្ងៃអង្គារនេះ។ គេសង្ស័យថានាវាដឹកប្រេងនេះត្រូវបានប្លន់។ គួរបញ្ជាក់ផងដែរថាសម្រាប់ឆ្នាំនេះ ក្រុមចោរប្រដាប់អាវុធបានកំណត់គោលដៅប្រតិបត្តិការនៅក្នុងកប៉ាល់ដឹកប្រេងតូចៗនៅតាមឆ្នេរសមុទ្រនៅតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងតែស្វែងរកប្រេងនៅតាមសមុទ្រដើម្បីយកទៅលក់។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះពួកសកម្មប្រយុទ្ធនៅភាគខាងត្បូងប្រទេសហ្វីលីពិនបានចាប់ជំរិតជាថ្នូរនឹងការដោះដូរនៅក្នុងតំបន់ផ្ទៃទឹកនេះជាច្រើនដងមកហើយ។ លោក Vier Abdul Jamal នាយកប្រតិបត្តិរបស់ម្ចាស់នាវា Vierlines Asia Group បានឱ្យដឹងថានាវាដឹកប្រេងដែលមាននាវិកឥណ្ឌូនេស៊ី១០នាក់ និងបច្ចុប្បន្នជួលដោយក្រុមហ៊ុនមួយផ្សេងទៀតសម្រាប់រយៈពេល២ឆ្នាំ។ លោក Abdul Jamal បានឱ្យដឹងទៀតថាអ្នកជួលនេះបានបាត់ការទាក់ទងកាលពីល្ងាចថ្ងៃអង្គារនេះ ហើយឧបករណ៍តាមដានរបស់នាវានេះមិនដំណើរការចាប់តាំងពីពេលនោះមក។ ទីភ្នាក់ងារដែនសមុទ្រម៉ាឡេស៊ីបាននិយាយថានាវាដឹកប្រេងនេះបានដឹកប្រេងចំនួន៩០០,០០០លីត្រ ហើយបានចាកចេញពីកំពង់ផែនៅក្នុរដ្ឋ Johor ភាគខាងត្បូងរបស់ប្រទេសម៉ាឡេស៊ី។ លោក Ahmand Puzi Kahar ប្រធានទីភ្នាក់ងារដែនសមុទ្រម៉ាឡេស៊ីនិយាយថាបញ្ហាផ្ទៃក្នុងអាចជាមូលហេតុនៅពីក្រោយនៃការបាត់នាវានេះ៕

Indonesia 18-08-16