យ៉ាងហោចណាស់មនុស្ស ១០នាក់ស្លាប់ និង៣០នាក់ទៀតរងរបួសក្នុងការផ្ទុះគ្រាប់បែកមួយនៅភាគខាងកើតប្រទេសទួរគី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៦

ការបំផ្ទុះគ្រាប់បែកលើកទី៣ ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងបានធ្វើឱ្យរង្គោះរង្គើរនៅភាគខាងកើតប្រទេសទួរគីដែលសម្លាប់បុគ្គលិកសន្តិសុខចំនួន៤នាក់ និង៧នាក់ផ្សេងទៀតរងរបួសនៅខេត្ត Bitlis។ ហេតុការណ៍ផ្ទុះនេះកើតឡើងបន្ទាប់ពីរថយន្តបំផ្ទុះគ្រាប់បែក២គ្រឿងដែលមានគោលដៅនៅត្រង់ស្ថានីយ៍ប៉ូលិសបានផ្ទុះដែលបណ្តាលឱ្យមានមនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់ និងរងរបួសប្រមាណ២៩០នាក់។ ប្រជាការពារភូមិម្នាក់ដែលមានឈ្មោះថា Muslum Yaldiz ត្រូវបានគេសម្លាប់ ហើយទាហានម្នាក់ទៀតរងរបួសក្នុងការប៉ះទង្គិចមួយជាមួយនឹងក្រុមសកម្មប្រយុទ្ធ PKK នៅក្នុងភូមិ Nazar នេះបើតាមការចុះផ្សាយរបស់សារពត៌មាន Hurriyet Daily News។ ក្រោយមកមានការផ្ទុះដោយគ្រាប់បែកដៃនៅលើកំណាត់ផ្លូវក្បែរភូមិ Gayda ខណៈដែលមានរថយន្តយោធាបានឆ្លងកាត់នៅលើផ្លូវនេះ។ ក្នុងហេតុការណ៍វាយប្រហារនេះទាហាន៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស។ នៅថ្ងៃព្រហស្បតិ៍នេះ រថយន្តបំផ្ទុះគ្រាប់បែកមួយបានវាយប្រហារចំទីស្នាក់ការកណ្តាលរបស់ប៉ូលិសនៅក្នុងខេត្ត Elazig ជាទីក្រុងភាគខាងកើតរបស់ប្រទេសទួរគី ដែលជាមជ្ឈមណ្ឌលរដ្ឋបាលនៃខេត្តមួយនេះផងដែរ។ យោងតាមមន្ត្រីអភិបាលម្នាក់ដែលមានឈ្មោះថា Murat Zorluoglu បានបញ្ជាក់ថាយ៉ាងហោចណាស់មានមន្ត្រីប៉ូលិសចំនួន៣នាក់ស្លាប់។ ការិយាល័យប៉ូលិសបញ្ជាក់ទៀតថាមនុស្សចំនួន១៤៦នាក់រងរបួស។ លោកនាយករដ្ឋមន្ត្រីទួរគី Binali Yildirim បានបង្ហាញតួរលេខសរុបថាអាចមានមនុស្សដល់ទៅ២១៧នាក់រងរបួស។ សារពត៌មានក្នុងស្រុកបានបញ្ជាក់ថារថយន្តដែលបំផ្ទុះគ្រាប់បែកនៅពីមុខស្ថានីយ៍ប៉ូលិសបានបង្កើតនូវប្រហោងជាច្រើនដែលជាការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថាកាលពីល្ងាចថ្ងៃពុធ មានការវាយប្រហារមួយទៀតដោយរថយន្តបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍ប៉ូលិសនៅក្នុងខេត្ត Van ដែលនៅក្បែរព្រំដែនជាមួយនឹងប្រទេសអ៊ឺរ៉ង់ដែលបានសម្លាប់មន្ត្រីប៉ូលិសម្នាក់ និងជនស៊ីវិល២នាក់ទៀតផង៕

Turkey 19-08-16