ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៦
ក្រសួងការពារជាតិប្រទេសរុស្ស៊ីនិយាយថានាវាចម្បាំង Black Sea Fleet របស់ខ្លួនចាប់ផ្តើមការវាយប្រហារដោយគ្រាប់មីស៊ីលចំនួន ៣គ្រាប់មកលើទីតាំងក្រុមភេរវករក្នុងប្រទេសស៊ីរី។ ទីបញ្ជាការ និងទីតាំងផលិតគ្រាប់បែករបស់ក្រុមភេរវករត្រូវបានបំផ្លាញ។ ប្រភពបន្តថាគោលដៅវាយប្រហារគ្រាប់រ៉ុកែតគឺមកលើទីតាំងរបស់ក្រុមភេរវករ Al-Nusra។ គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០១៥ នាវាចម្បាំងរបស់រុស្ស៊ី៤គ្រឿងក្នុងសមុទ្រកាសព្យែនបាញ់គ្រាប់មីស៊ីលសរុបចំនួន ២៦គ្រាប់ទៅលើទីតាំងរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) ក្នុងប្រទេសស៊ីរី ដែលកំទេចទីតាំង ១១កន្លែងរបស់ក្រុមនេះ។ ហើយសប្តាហ៍នេះយន្តហោះទម្លាក់គ្រាប់បែក Tu-២២M៣ ចាប់ផ្តើមការវាយប្រហាររបស់ខ្លួនជាលើកដំបូងមកលើទីតាំងរបស់ក្រុមភេរវករក្នុងប្រទេសស៊ីរី ដោយហោះចេញពីមូលដ្ឋានទ័ពអាកាសប្រទេសអ៊ីរ៉ង់។ យន្តហោះបានវាយប្រហារមកលើទីតាំងរបស់ក្រុម IS និងក្រុម Al-Nusra ក្នុងខេត្តអាល្លេប៉ូ ខេត្ត Deir-EZ-zor និងខេត្តអ៊ីដលីប។ ការវាយប្រហារនេះបានកំទេចទីតាំងអាវុធរបស់ក្រុមភេរវករ និងកន្លែងបណ្តុះបណ្តាលព្រមទាំងទីបញ្ជាការសំខាន់ៗរបស់ក្រុមភេរវករទាំងនេះ៕