មនុស្សម្នាក់ស្លាប់ និងរបួសជាច្រើននាក់ដោយការផ្ទុះដ៏ខ្លាំងនៅមជ្ឈមណ្ឌលកីឡាប្រទេសបែលហ្ស៊ិក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦

ការផ្ទុះថាមពលអគ្គិសនីមួយបានកើតឡើងនៅកន្លែងកីឡាមួយស្ថិតនៅក្នុងទីក្រុង Chimay នៃប្រទេសបែលហ្ស៊ិកដោយបានបំផ្លាញអគារនិងយ៉ាងហោចណាស់មានមនុស្ស៥នាក់កប់ក្រោមគំនរថ្មបាក់បែក។ យោងតាមការរាយការណ៍បានឲ្យដឹងថាមនុស្សម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតកំពុងព្យាបាលរបួស។ ទីភ្នាក់ងារសាព័ត៌មាន Belga រាយការណ៍ពីកន្លែងកើតហេតុដោយទទួលបានព័ត៌មានអ្នកនាំពាក្យរបស់សេវាកម្មសង្រោះបន្ទាន់បានឲ្យដឹងថាយ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់បន្ទាប់ពីអគារដួលរលំ។ ការផ្ទុះនេះកើតឡើងនៅពាក់កណ្តាលអធ្រាត្រដែលបានវាយប្រហារមកលើមជ្ឈមណ្ឌលកីឡា និងអាងហែលទឹកមួយដែលមានទីតាំងនៅក្នុង Rue de Chalon។ RTL រាយការណ៍ថាការផ្ទុះនេះកើតឡើងនៅក្នុងបន្ទប់ផ្ទុកអីវ៉ាន់ដែលមានមនុស្ស៥នាក់ជាប់នៅទីនោះក្នុងពេលផ្ទុះ។ មនុស្ស២នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់ ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការព្យាបាល។ ២នាក់ផ្សេងទៀតរងរបួសស្រាលត្រូវគេបញ្ជូនទៅកាន់មណ្ឌលសុខភាពក្នុងតំបន់។ មូលហេតុនៃការផ្ទុះនេះមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែអាជ្ញាធរមិនជឿថាហេតុការណ៍នេះពាក់ព័ន្ធទៅនឹងការធ្វើភេរវកម្មនោះទេ។ គួរបញ្ជាក់ផងដែរថា Chimay គឺជាទីក្រុងតូចមួយដែលមានអត្រាប្រជាជនចំនួន ១០,០០០នាក់ដែលមានទីតាំងស្ថិតនៅជិតព្រំដែនប្រទេសបារាំងមានចំងាយ ៨៩គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីព្រុយសែលក្នុងប្រទេសប៊ែលហ្សិក៕

Belgium 26-08-16