ប្រភពព័ត៌មានពី ChannelNewsAsia ចេញផ្សាយថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៦
ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្រាប់កម្មករសំណង់ម្នាក់ និងបង្ករការរងរបួសដល់មនុស្ស៣នាក់ផ្សេងទៀតក្នុងការិយាល័យរបស់ពួកគេក្នុងប្រទេសជប៉ុននៅថ្ងៃច័ន្ទនេះ ដែលការបាញ់ប្រហារនេះត្រូវបានគេចាត់ទុកថាវាពិតជាកម្ររបំផុតនៅក្នុងប្រទេសមួយនេះ។ ជនសង្ស័យម្នាក់នោះគឺជាកូនប្រុសរបស់ម្ចាស់ក្រុមហ៊ុនសំណង់នេះ ហើយបានរត់គេចខ្លួនទៅកាន់ទីក្រុងភាគខាងលិចនៃទីក្រុងវ៉ាកាយ៉ាម៉ា។ ការបាញ់ប្រហារនេះកើតឡើងនៅក្នុងការិយាល័យរបស់ក្រុមហ៊ុនខណៈដែលកំពុងប្រជុំ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Yomiuri Shimbun។ ជនរងគ្រោះទាំង៤នាក់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជនរងគ្រោះម្នាក់ដែលមានឈ្មោះថា Junsuke Ishiyama ស្លាប់នៅកន្លែងកើតហេតុដោយសារគ្រាប់កាំភ្លើងធ្លាយត្រង់ពោះ។ មន្ត្រីប៉ូលិសនៅក្នុងតំបន់នេះបានធ្វើការព្រមានទៅកាន់អ្នកស្រុកដែលរស់នៅទីនេះឱ្យនៅក្នុងផ្ទះ ខណៈដែលប៉ូលិសកំពុងតាមប្រម៉ាញ់ចាប់ខ្លួនជនសង្ស័យ។ ការបាញ់ប្រហារដោយកាំភ្លើងនេះគឺជារឿងកម្រមួយដែលកើតឡើងនៅក្នុងប្រទេសជប៉ុន ព្រោះប្រទេសនេះមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតទៅលើការគ្រប់គ្រងកាំភ្លើង។ នៅក្នុងឆ្នាំ២០១៥ ឧក្រិដ្ឋកម្មបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងមានតែ៨ករណីប៉ុណ្ណោះដែលបណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់ និង៣នាក់ទៀតរងរបួសនៅទូទាំងប្រទេសនេះបើតាមការបញ្ជាក់របស់ភ្នាក់ងារប៉ូលិសជាតិ៕