ប្រភពព័ត៌មានពី ChannelNewsAsia ចេញផ្សាយថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៦
មន្ត្រីប៉ូលិសចាប់ខ្លួនកូនភ្លោះ២នាក់ដែលក្លែងខ្លួនជាស្រីដោយស្លៀកពាក់រ៉ូប និងស្បៃបាំងមុខដើម្បីប្លន់ហាងលក់គ្រឿងអលង្ការជាច្រើននៅក្នុងទីក្រុងដុងហ្គុនកាលពីសប្តាហ៍មុននេះ។ ពួកគេត្រូវបានចាប់ខ្លួនបន្ទាប់ពីរថយន្តដែលពួកគេកំពុងតែធ្វើដំណើរបានជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ក្នុងតំបន់ តេឡុក កាឡុង នៅក្នុងទីក្រុង កេម៉ាម៉ាន។ ប្រធានមន្ត្រីប៉ូលិស អាស៊ីស វ៉ាន់ហាមស្សា នៅក្នុងតំបន់ តេរ៉េនហ្គានូ និយាយថាបុរសវ័យ២៦ឆ្នាំ ២នាក់ដែលគេស្គាល់ថាជាក្រុម Amir Gang មកពីតំបន់ឈឺរ៉ាស់ ត្រូវបានគេជឿជាក់ថាពិតជាមានគោលដៅក្នុងការប្លន់ហាងលក់គ្រឿងអលង្ការជាច្រើន។ ជនសង្ស័យទាំង២នាក់នេះប៉ុនប៉ងប្លន់ហាងលក់គ្រឿងអលង្ការ ២កន្លែងនៅម៉ោង៨ព្រឹកនៅថ្ងៃទី ២០ ខែសីហា និងថ្ងៃទី ២៥ ខែសីហានៅក្នុងទីក្រុងដុនហ្គុន ប៉ុន្តែបរាជ័យ។ លោកបានបន្ថែមប្រាប់អ្នកសារព័ត៌មានថាជនសង្ស័យនេះស្លៀកពាក់សម្លៀកបំពាក់ជាស្រីដោយពាក់រ៉ូប និងស្បៃបាំងមុខមុនពេលចូលទៅប្លន់ដោយប្រើប្រាស់កាំភ្លើងខ្លីក្លែងក្លាយក្នុងការគម្រាមជនរងគ្រោះ ហើយក៏រត់គេចខ្លួនបានសម្រេចដោយរថយន្ត Perodua Viva ពណ៌សមួយគ្រឿង។ តាមប្រភពព័ត៌មានទិន្នន័យសាធារណៈ មន្ត្រីប៉ូលិសអាចកំណត់គោលដៅរបស់រថយន្តដែលគេចខ្លួននោះបាននៅម៉ោង៤ល្ងាចក្នុងខេត្តបូគីត គួង ហើយបានតាមប្រម៉ាញ់រថយន្តនេះ។ បន្ទាប់មករថយន្តរបស់ជនសង្ស័យក្រឡាប់នៅលើផ្លូវប្រសព្វចរាចរណ៍មួយនៅក្នុងខេត្ត កាំពុង តេឡុក កាឡុង៕