ប្រភពព័ត៌មានពី The New York Times ចុះផ្សាយថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៦
មន្ត្រីប៉ូលិសបានបញ្ជាក់ថាពួកសកម្មប្រយុទ្ធចំនួន៤នាក់ដែលមាន៣នាក់ជាជនសង្ស័យក្នុងការវាយប្រហារទៅលើក្រុមវាយកូនបាល់នៅក្នុងប្រទេសស្រីលង្កាកាលពីឆ្នាំ២០០៩នោះត្រូវបានគេបាញ់សម្លាប់នៅក្នុងទីក្រុងឡាហ័រ ប្រទេសប៉ាគីស្ថាន នៅពេលដែលមានក្រុមសកម្មប្រយុទ្ធផ្សេងទៀតបានព្យាយាមរំដោះពួកគេពីការឃុំឃាំង។ គេជឿថាបុរសទាំង៤នាក់នេះជាប់ពាក់ព័ន្ធជាមួយការវាយប្រហារនៅចុងឆ្នាំ២០០៩ ដោយប្រើប្រាស់គ្រាប់បែក និងកាំភ្លើងនៅក្នុងផ្សារមួយឈ្មោះម៉ូននៅទីក្រុងឡាហ័រដែលបានសម្លាប់មនុស្សចំនួន១២នាក់នៅក្នុងខែធ្នូ។ នៅថ្ងៃសៅរ៍ ប៉ូលិសប្រឆាំងភេរវកម្មបានយកពួកគេទៅកាន់ផ្ទះមួយដែលគេជឿថាជាកន្លែងដែលក្រុមនេះរៀបចំ និងធ្វើគម្រោងនៃការបាញ់ប្រហារ។ ប៉ូលិសសង្ឃឹមថានឹងអាចប្រមូលភស្តុតាងបន្ថែមទៅលើករណីនេះ ប៉ុន្តែនៅពេលដែលពួកគេបានទៅដល់ស្ពាន Mian Town Bridge នៅក្នុងភាគខាងជើងនៃទីក្រុងឡាហ័រ ក្រុមសកម្មប្រយុទ្ធចំនួន៧នាក់បានបើកការបាញ់ប្រហារ ហើយប៉ូសិសបានបាញ់តបវិញដើម្បីការពារខ្លួន ដែលបណ្តាលឲ្យជនសង្ស័យទាំង៤នាក់នោះស្លាប់។ ក្រោយពីការបាញ់ប្រហារក្រុមភេរវករបានរត់គេចចេញពីកន្លែងកើតហេតុ។ ក្នុងចំណោមសាកសពមនុស្សទាំង៤នាក់នោះ មាន៣នាក់ដែលត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារទៅលើក្រុមវាយកូនបាល់នៅក្នុងទីក្រុងឡាហ័រក្នុងខែមីនា ឆ្នាំ២០០៩។ ជនទាំង៤នាក់ដែលស្លាប់នោះ គេស្គាល់អត្តសញ្ញាណថាជា លោកា Naik Muhammad លោក Abdul Wahab លោក Adnan Arshad និង លោក Ateequr Rehman ។ ការបាញ់ប្រហារលើកនេះគឺជាស្នាដៃរបស់ក្រុម Lashkar-e-Jhangvi ដែលមានមេដឹកនាំក្រុមនេះឈ្មោះថា លោក Malik Ishaq ដែលត្រូវបានបាញ់សម្លាប់កាលពីខែកក្កដាឆ្នាំមុនខណៈដែលលោកបាញ់តដៃជាមួយមន្រ្តីប៉ូលិស៕