អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់វាយប្រហារស្ថានទូតចិននៅប្រទេសកៀហ្ស៊ីស្តង់

0

ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៦

ជនសង្ស័យដែលជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់កាលពីថ្ងៃអង្គារនេះបានបើករថយន្តបំបុកឆ្លងកាត់ទ្វារច្រកចូលស្ថានទូតចិនប្រចាំនៅរាជធានីប៊ីស្កែក ប្រទេសកៀហ្ស៊ីស្តង់ ដែលធ្វើឲ្យគ្រាប់បែកមួយគ្រាប់ផ្ទុះឡើងបណ្តាលឲ្យអ្នកវាយប្រហារស្លាប់ភ្លាមៗ និងបុគ្គលិកស្ថានទូត៣នាក់ផ្សេងទៀតរងរបួស។ ក្រសួងមហាផ្ទៃរបស់ប្រទេសនេះបានឲ្យដឹងថាអ្នកដែលបើកឡានឆ្លងកាត់តាមទ្វារច្រកចូលស្ថានទូតបាត់បង់ជីវិតភ្លាមៗនៅពេលដែលគ្រាប់បែកផ្ទុះ។ ជនជាតិកៀហ្ស៊ីស្តង់៣នាក់ទៀតរងរបួសដែលក្នុងចំណោមជនរងគ្រោះទាំងនោះ មាន២នាក់អាយយុ១៧ឆ្នាំដែលជាអ្នកថែសួនរបស់ស្ថានទូត និងស្ត្រីម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។ ក្រសួងមហាផ្ទៃបានហៅហេតុការណ៍នេះថាជាការវាយប្រហារអំពើភេរវកម្ម។ ឧបនាយករដ្ឋមន្រ្តី Zhenish Razakov បានផ្តល់សេចក្តីអត្ថាធិប្បាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Interfax ថានេះជាការបំផ្ទុះគ្រាប់បែកអត្តឃាត។ គួរបញ្ជាក់ផងដែរថាប្រទេសកៀហ្ស៊ីស្តង់ជាអតីតសាធារណរដ្ឋសូវៀតដែលមានព្រំប្រទល់ជាប់ប្រទេសចិនដែលប្រជាជនភាគច្រើនជាជនជាតិមូស្លីម៕

Chinese Embassy 30-08-16