ខ្មាន់កាំភ្លើងបាញ់កម្មករ និងបង្កររបួសដល់មនុស្ស៣នាក់បាញ់សម្លាប់ខ្លួនឯងខណៈដែលប្រឈមមុខគ្នាជាមួយប៉ូលិស

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៦

ខ្មាន់កាំភ្លើងម្នាក់ជនជាតិជប៉ុនដែលជាប់ចោទពីបទបាញ់សម្លាប់កម្មករសាងសង់ម្នាក់ និងបង្ករឱ្យរងរបួសមនុស្ស៣នាក់ទៀត នៅថ្ងៃពុធនេះបានបាញ់សម្លាប់ខ្លួនឯងបន្ទាប់ពីបាញ់ប្រហារជាមួយប៉ូលិសយ៉ាងយូរ នេះបើតាមសេចក្តីរាយការណ៍ចុងក្រោយបំផុត។ អ្នកនាំពាក្យកងកម្លាំងប៉ូលិសបានបញ្ជាក់ថាខ្មាន់កាំភ្លើងដែលមានឈ្មោះថា Yasuhide Mizobata បានរត់ចូលទៅក្នុងអាគារមួយនៅរសៀសថ្ងៃអង្គារបន្ទាប់ពីគេបាញ់តដៃម្តងហើយម្តងទៀតជាមួយមន្រ្តីប៉ូលិស។ ប្រហែលជា១៧ម៉ោងក្រោយមក ជនសង្ស័យរូបនេះបានបាញ់សម្លាប់ខ្លួនឯងនៅត្រង់ពោះ នេះបើតាមការបញ្ជាក់ពីទូរទស្សន៍ NHK និងសារពត៌មាន Jiji Press។ ទូរទស្សន៍ NHK បង្ហាញថាប៉ូលិសសម្រុកចូលទៅក្នុងអាគារបន្ទាប់ពីឮសំឡេងកាំភ្លើងផ្ទុះ ហើយរថយន្តសង្គ្រោះបន្ទាន់ក៏យកជនសង្ស័យទៅកាន់មន្ទីរពេទ្យ ប៉ុន្តែក្រោយមកគេអះអាងថាគាត់បានស្លាប់បាត់បង់ជីវិតហើយ។ ការបាញ់ប្រហារនេះពិតជាបង្ករការភ្ញាក់ផ្អើលនៅក្នុងប្រទេសជប៉ុន ព្រោះការបាញ់ប្រហារពិតជាកម្រកើតឡើងណាស់នៅក្នុងប្រទេសនេះ ហើយច្បាប់នៃការគ្រប់គ្រងអាវុធក៏តឹងរឹងខ្លាំងបំផុតផងដែរ។ ជនសង្ស័យឈ្មោះ Mizobata បានចំណាយពេលមួយយប់ជាប់នៅក្នុងអាគារនោះដែលត្រូវហ៊ុមព័ទ្ធដោយប៉ូលិសប្រដាប់ដោយអាវុទ្ធធន់ធ្ងន់ និងព្យាយាមបញ្ចុះបញ្ចូលគាត់ឱ្យចុះចាញ់។ រូបភាពនៃការផ្សាយរបស់ទូរទស្សន៍បញ្ជាក់ថាខ្មាន់កាំភ្លើងនេះកាន់កាំភ្លើងខ្លីចំនួន២ដើម ហើយខ្មាន់កាំភ្លើងគម្រាមបាញ់ប្រហារប៉ូលិស ប៉ុន្តែបន្ទាប់ពីរំលងបានមួយយប់គាត់ក៏បាញ់សម្លាប់ខ្លួនឯងនៅក្នុងទីក្រុង Wakayama ដែលស្ថិតនៅចំងាយ៤៥០គីឡូម៉ែត្រនៃភាគនិរតីនៃទីក្រុងតូក្យូ។ គួរបញ្ជាក់ផងដែរថាខ្មាន់កាំភ្លើងនេះគឺជាកូនប្រុសរបស់ម្ចាស់ក្រុមហ៊ុន។ តាមការរាយការណ៍មួយបានឲ្យដឹងថាក្នុងឆ្នាំ២០១៥នេះ ប្រទេសជប៉ុនមានបទឧក្រិដ្ឋដែលប្រើប្រាស់កាំភ្លើងគឺមានតែ៨ករណីប៉ុណ្ណោះនៅទូទាំងប្រទេសបូករួមទាំងលើកនេះដែលមានការបាញ់ប្រហារសម្លាប់មនុស្សម្នាក់ និងបង្ករការរងរបួសដល់មនុស្ស៣នាក់៕

Japanese 01-09-16