ជនជាតិកាណាដា៣នាក់ចាប់ខ្លួននៅទីក្រុងស៊ីដនីពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៦

ប៉ូលិសអូស្រ្តាលីបានរកឃើញនូវកូកាអ៊ីនចំនួន៩៥គីឡូក្រាមដែលមានតម្លៃប្រមាណជា២៣លានដុល្លារអាមេរិចនៅក្នុងវ៉ាលីដាក់ឥវ៉ាន់មួយរបស់អ្នកដំណើរជនជាតិកាណាដា៣នាក់កាលពីថ្ងៃអាទិត្យនេះ។ មេបញ្ជាការកងទ័ពព្រំដែន លោក Tim Fitzgerald បញ្ជាក់ថាការចាប់បានការរត់ពន្ធគ្រឿងញៀនលើកនេះគឺធំបំផុតនៅក្នុងប្រទេសអូស្រ្តាលី។ ជនជាតិកាណាដាទាំង៣នាក់នេះរួមមាន ទី១ ឈ្មោះ Andre Tamine អាយុ៦៣ឆ្នាំ ទី២ ឈ្មោះ Isabelle Lagace អាយុ២៨ឆ្នាំ និងទី៣ ឈ្មោះ Melina Roberge អាយុ២២ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃអាទិត្យបន្ទាប់ពីរកឃើញគ្រឿងញៀនដ៏ច្រើន។ ជនល្មើសទាំង៣នាក់ត្រូវបានចោទប្រកាន់កាលពីថ្ងៃច័ន្ទនេះ។ សារព័ត៌មាន AP បញ្ជាក់ថាកូកាអ៊ីនចំនួន៣៥គីឡូក្រាមត្រូវគេរកឃើញនៅក្នុងវ៉ាលីដាក់ឥវ៉ាន់មួយនៅក្នុងកាបីនដាក់ឥវ៉ានរបស់ស្រ្តីម្នាក់ និងកូកាអ៊ីន៦០គីឡូក្រាមទៀតដែលគេរកឃើញនៅក្នុងវ៉ាលីដាក់ឥវ៉ានរបស់បុរសម្នាក់ដែលដាក់នៅក្នុងកាបីនមួយផ្សេងទៀត។ កងកម្លាំងជំនួយការស្នងការព្រំដែនអូស្រ្តាលីបានបញ្ជាក់ថាក្រុមឧក្រិដ្ឋជនទាំងនេះស្ថិតក្រោមការតាមដានពីកងទ័ពព្រំដែនប្រចាំប្រទេសអូស្រ្តាលីដែលដឹងពីវិធីជាច្រើនយ៉ាងដែលជនល្មើលព្យាយាមប្រើក្នុងការរត់ពន្ធគ្រឿងញៀនចូលមកកាន់ប្រទេសអូស្ត្រាលី ហើយក្រុមការងារកំពុងតែធ្វើការជាមួយនឹងភ្នាក់ងារអន្តរជាតិជាច្រើនដើម្បីបញ្ឈប់សកម្មភាពរបស់ពួកគេ។ ជនរត់ពន្ធគ្រឿងញៀនទាំង៣នាក់នេះត្រូវបានចោទប្រកាន់ដោយតុលាការកណ្តាលប្រចាំទីក្រុងស៊ីដនីពីបទនាំចូលនូវបរិមាណកូកាអ៊ីនដ៏ច្រើន។ ពួកគេនឹងត្រូវឡើងតុលាការនៅថ្ងៃទី ២៦ ខែតុលា ហើយអាចនឹងប្រឈមមុខផ្តន្ទាទោសជាប់គុកអស់មួយជីវិតផងដែរ៕

Australia 01-09-16