ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៦
ប៉ូលិសនៅប្រទេសហុងគ្រីប្រកាសជ្រើសរើសអ្នកប្រមាញ់តាមព្រំដែនចំនួន៣,០០០នាក់ ដែលជាអ្នកពង្រឹងកម្លាំងប៉ូលិស១,០០០នាក់ និងទាហានដើរល្បាតនៅរបងលួសព្រំដែនដើម្បីទប់ទល់លំហូរចូលពលករចំណាកស្រុក។ ចំនួនពលករដែលធ្វើដំណើរដល់ព្រំដែនភាគខាងត្បូងនៃប្រទេសហុងគ្រី ហើយឈរនៅច្រកព្រំដែននោះមានចំនួនប្រមាណជា២០០នាក់ក្នុងមួយថ្ងៃ។ កងកម្លាំងថ្មីនឹងចាប់ផ្តើមធ្វើការនៅខែឧសភា ឆ្នាំ២០១៧។ កងកម្លាំងទាំងនោះត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងត្រូវឆ្លងកាត់វគ្គហ្វឹកហាត់យ៉ាងហោចណាស់៦ខែ និងមានកាយសម្បទាមាំមួនរួមទាំងឆ្លងកាត់ការត្រួតពិនិត្យសុខភាពផងដែរ នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលិស លោក ហ្សុល ផុហ្សហ្គាយ ប្រាប់ទៅបណ្តាញទូរទស្សន៍រដ្ឋហុងគ្រី។ កងកម្លាំងទាំងនោះនឹងទទួលបានប្រាក់ខែ៥៤២ដុល្លារអាមេរិកក្នុងរយៈពេល២ខែដំបូង និងក្រោយមកទៀតនឹងឡើងបាន៧៩៦ដុល្លារ។ ទាក់ទិននឹងរឿងនេះផងដែរប្រទេសហុងគ្រីគឺជាប្រទេសដែលមានយុទ្ធនាការគោលនយោបាយខ្លាំងមួយដែលកាន់កាប់ដោយនាយករដ្ឋមន្រ្តី វ៉ីកទ័រ អ័របាន។ ប្រទេសហុងគ្រីត្រូវបានគេស្នើរឲ្យទទួលយកប្រជាជនចំណាកស្រុក១៣,០០០នាក់ដោយពួកគេមកពីបណ្តាប្រទេសស៊ីរី អ៊ីរ៉ាក់ និងអ៊ឺត្រា។ សព្វថ្ងៃនេះប្រជាជនចំណាកស្រុកចំនួន៣០នាក់ត្រូវគេអនុញ្ញាតិឲ្យចូលមកក្នុងប្រទេសហុងគ្រីក្នុងមួយថ្ងៃតាមច្រកឆ្លងកាត់ជាផ្លូវការ៕