មនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសក្នុងការផ្ទុះគ្រាប់បែកមួយនៅភាគខាងត្បូងនៃប្រទេសថៃ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៦

មន្ត្រីប៉ូលិសបញ្ជាក់ថាកម្មករផ្លូវរថភ្លើងម្នាក់ស្លាប់ និងមនុស្ស៣នាក់ទៀតរងរបួសនៅពេលដែលគ្រាប់បែកមួយបានផ្ទុះនៅស្ថានីយ៍រថភ្លើងក្នុងខេត្តផាតានីភាគខាងត្បូងនៃប្រទេសថៃកាលពីថ្ងៃសៅរ៍នេះ បន្ទាប់ពីការចរចារសនិ្តភាពរវាងរដ្ឋាភិបាលថៃ និងក្រុមម៉ូស្លីមបានមួយថ្ងៃ។ គ្រាប់បែកនេះត្រូវគេលាក់នៅក្រោមផ្លូវដែកក្នុងស្រុកកុកភូ នៃខេត្តផាតានី ដែលផ្ទុះឡើងនៅត្រង់ទូរថភ្លើងពាក់កណ្តាលចុងក្រោយ និងមានរន្ធធំមួយនៅក្រោមផ្លូវដែកនោះ។ មនុស្ស៣នាក់រងបួសក្នុងហេតុការណ៍នេះរួមមានកម្មកររថភ្លើង២នាក់ និងអ្នកដំណើរភេទស្រីម្នាក់។ រថភ្លើងនេះមានគោលដៅធ្វើដំណើរទៅកាន់ទីក្រុងបាងកក។ កិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាលថៃ និងក្រុមម៉ូស្លីមបានបញ្ចប់នៅថ្ងៃសុក្រដោយមិនទាន់បំបែកភាពទល់ច្រកបាននៅឡើយទេ ប៉ុន្តែភាគីទាំង២យល់ព្រមក្នុងការជួបគ្នាម្តងទៀត។ ក្រុមឧទ្ទាមបានបដិសេធផងដែរទៅលើការទទួលខុសត្រូវនៃការបំផ្ទុះគ្រាប់បែកកាលពីខែមុន។ ការបះបោរជាច្រើនរបស់ក្រុមម៉ូស្លីមមួយភាគធំដែលមានរយៈពេលជាច្រើនទសវត្សរ៍មកហើយនៅក្នុងភាគខាងត្បូងនៃខេត្តយ៉ាឡា ផាតានី និងនារ៉ាធីវ៉ាត់បានឆក់យកជីវិតមនុស្សប្រមាណជា៦,៥០០នាក់ចាប់តាំងពីការកើនឡើងនៅក្នុងឆ្នាំ២០០៤ នេះបើតាមក្រុមឃ្លាំមើលឯករាជ្យ Deep South Watch។ ការវាយប្រហារជាច្រើនដងនេះ គ្មានអ្នកណាម្នាក់ហ៊ានអះអាងទទួលខុសត្រូវនៅឡើយទេ។ ការផ្ទុះនេះបានកើតឡើង៣សប្តាហ៍បន្តបន្ទាប់គ្នាដែលមានដូចជាការផ្ទុះចំនួន៣កន្លែងផ្សេងគ្នានៅក្នុងតំបន់ទេសចរណ៍រមនីយដ្ឋានដែលពេញនិយមបំផុតនៅក្នុងប្រទេសថៃ និងទីប្រជុំជនមួយនៅភាគខាងត្បូងដែលបានសម្លាប់មនុស្ស៤នាក់ និងមនុស្សរាប់សិបនាក់ទៀតរងរបួស៕

Thailand 04-09-16