ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៦
មនុស្ស២នាក់ស្លាប់បន្ទាប់ពីការផ្ទុះគ្រាប់បែកនៅខាងក្រៅសាលារៀនបឋមសិក្សាមួយនៅជាប់ព្រំដែនប្រទេសថៃ-ម៉ាឡេស៊ីក្នុងទីក្រុងតាក់បៃ ភាគខាងត្បូងនៃខេត្តណារ៉ាធីវ៉ាត់ ប្រទេសថៃ នៅថ្ងៃអង្គារ៍នេះ។ តាមកងទ័ពសន្តិសុខប្រតិបត្តិការផ្ទៃក្នុងបានឱ្យដឹងថាឪពុកម្នាក់ និងកូនស្រីរបស់គាត់ដែលមានអាយុ៥ឆ្នាំបានស្លាប់នៅពេលដែលម៉ូតូមួយគ្រឿងបានផ្ទុះឡើងស្របពេលដែលឪពុកម្តាយយកកូនរបស់ពួកគាត់មកសាលារៀន។ ម៉ូតូដែលផ្ទុះនេះគឺចតចោលនៅមុខច្រកចូលសាលារៀន ហើយក្រោយការផ្ទុះមនុស្សចំនួន៨នាក់រងរបួសផងដែរ។ លោក Yuthanam Petchmuang ដែលជាអ្នកនាំពាក្យរបស់ ISOC ប្រាប់សារព័ត៌មានរ៉យទ័រថាយើងសង្ស័យថានេះជាស្នាដៃរបស់មនុស្សដែលចង់បង្កស្ថានភាពអស្ថិរភាព និងបង្ករឱ្យមានភាពចលាចល។ ការវាយប្រហារនេះកើតឡើងតិចជាងមួយខែបន្ទាប់ពីមានការវាយប្រហារទៅលើការបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងដូចជានៅហួហ៊ីន ភូកេត និងសូរ៉ាតថានីដែលបានសម្លាប់មនុស្ស៤នាក់ និងបង្កររបួសស្នាមដល់មនុស្ស១២នាក់ផ្សេងទៀត។ ប៉ូលិសនិយាយថាការបំផ្ទុះគ្រាប់បែកនៅក្នុងតំបន់ទេសចរណ៍អាចជាប់ទាក់ទងនឹងការបះបោរនៅភាគខាងត្បូង និងការចាប់ខ្លួនជនសង្ស័យម្នាក់នៅចុងសប្តាហ៍មុនដែលជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារមួយ។ រដ្ឋមន្រ្តីការពារជាតិលោក Prawit Wongsuwan ប្រាប់អ្នកកាសែតនៅថ្ងៃអង្គារ៍ថារដ្ឋាភិបាលយោធាដែលកាន់អំណាចនៅក្នុងខែឧសភាឆ្នាំ២០១៤ កំពុងរៀបចំសន្តិសុខមុនពេលដល់ថ្ងៃឈប់សម្រាករបស់មូស្លីម Eid al-Adha នៅថ្ងៃទី១២ ខែកញ្ញា។ យោងតាមអង្គការឃ្លាំមើល Deep South Watch ដែលតាមដានជម្លោះនោះបានឱ្យដឹងថាមនុស្សប្រមាណជា៦,៥០០នាក់ត្រូវសម្លាប់ក្នុងអំពើហិង្សាដែលទាក់ទងទៅនឹងការបះបោរនៅក្នុងខេត្តជាច្រើនដែលកាន់សាសនាមូស្លីមដូចជាខេត្តយ៉ាឡា ខេត្តណារ៉ាធីវ៉ាត់ និងខេត្តផាថានីចាប់តាំងពីជម្លោះនេះបានចាប់ផ្តើម។ ខណៈដែលជម្លោះនេះកើតឡើងនៅខេត្តធំៗនៅភាគខាងត្បូងនៃប្រទេសថៃ ក្រុមវិភាគនិយាយថាការរីករាលដាលនៃអំពើហិង្សាទៅកាន់ខេត្តផ្សេងទៀតអាចប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍ក្នុងប្រទេសថៃផងដែរ៕