ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៦
មេបញ្ជាការយោធារបស់សហរដ្ឋអាមេរិកដែលធ្វើផែនការដើម្បីរារាំងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលប្រើប្រាស់មនុស្សជាខែលដើម្បីគេចខ្លួនពីទីក្រុង Mosul និងក្រុងផ្សេងទៀត ខណៈកងកម្លាំងដែលគាំទ្រដោយសហរដ្ឋអាមេរិកត្រៀមបណ្តេញពួកគេចេញពីបន្ទាយដែលនៅសេសសល់ក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ កាលពីខែមុនក្រុមប្រយុទ្ធរាប់រយនាក់រត់គេចខ្លួនពីទីក្រុង Manbij ដែលស្ថិតនៅភាគខាងជើងប្រទេសស៊ីរីដោយដាក់បញ្ចូលជនស៊ីវិលនៅក្នុងក្បួនរថយន្តចំនួន៥០០គ្រឿង។ សកម្មប្រយុទ្ធរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធនោះ ប៉ុន្តែសកម្មប្រយុទ្ធរាប់រយនាក់ផ្សេងទៀតរត់គេចខ្លួនជាមួយនឹងអាវុធ និងពួកសកម្មប្រយុទ្ធជាច្រើនទៀតគេចខ្លួនទៅកន្លែងផ្សេងដើម្បីការពារទឹកដីរដ្ឋអ៊ីស្លាមរបស់ពួកគេ។ មន្ទីរបញ្ចកោណនិយាយថាខ្លួនមិនបានបាញ់ប្រហារលើក្បួនរថយន្តនោះទេ ដោយភ័យខ្លាចប៉ះចំលើជនស៊ីវិល។ អ្នករៀបចំផែនការរបស់ទាហាននិយាយថាពួកបានចាត់ចែងអ្នកឃ្លាំមើលដើម្បីកំណត់ពេលណាដែលពួកសកម្មប្រយុទ្ធបញ្ចប់ការវាយប្រហារ ហើយប៉ុនប៉ងគេចខ្លួន។ ពេលនោះគេនឹងឲ្យយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកធ្វើការវាយប្រហារទៅលើពួកសកម្មប្រយុទ្ធទាំងនោះ មុននឹងពួកគេចាប់យកជនស៊ីវិលធ្វើជាខែល។ ជាឧទាហរណ៍ ពួកគេឃ្លាំមើលសញ្ញាមេបញ្ជាការរបស់ក្រុមសកម្មប្រយុទ្ធប្រើប្រាស់ដើម្បីបញ្ជាទៅកាន់អ្នកវាយប្រហាររបស់ពួកគេក្នុងការគេចខ្លួន។ បច្ចេកទេសប្រយុទ្ធរបស់រដ្ឋអ៊ីស្លាមធ្វើតាមស្រដៀងគ្នានឹងការប្រយុទ្ធនាពេលថ្មីៗនេះ ដោយពួកសកម្មប្រយុទ្ធបានធ្វើឲ្យមនុស្សស្លាប់ឲ្យបានច្រើនតាមតែអាចធ្វើទៅបានមុននឹងពួកគេរត់គេចខ្លួនជាលើកចុងក្រោយ មុននឹងកម្លាំងប្រឆាំងរបស់ស៊ីរី និងអ៊ីរ៉ាក់ដែលគាំទ្រដោយសហរដ្ឋអាមេរិកធ្វើការវាយប្រហារមកលើពួកគេ៕