ប្រភពព័ត៌មានពី Independent ចេញផ្សាយថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៦
អង្គភាពប៉ូលិសប្រឆាំងភេរវកម្មបានចាប់ខ្លួនបងប្អូន២នាក់ពីបទសង្ស័យរៀបចំគម្រោងវាយប្រហារសម្លាប់រង្គាលដូចនៅទីក្រុងប៉ារីស មកលើប្រទេសអង់គ្លេសកាលពីម្សិលមិញ។ ភេរវករទាំង២នាក់ដែលមានអាយុ១៩ និង២០ឆ្នាំនេះត្រូវគេចាប់ខ្លួនបានក្នុងអំឡុងពេលការវាយឆ្មក់មួយនៅផ្ទះរបស់ពួកគេក្នុងភាគខាងលិចនៃទីក្រុងឡុងដ៏។ ប្រភពបន្តមួយដោយមិនបានបញ្ជាក់អំពីអត្តសញ្ញាណច្បាស់លាស់របស់ភេរវករទាំង២ ដោយគ្រាន់តែឲ្យដឹងថាភេរវករដែលមានអាយុ១៩ឆ្នាំជាប់ចោទពីបទសង្ស័យរៀបចំអំពើភេរវកម្ម និងភេរវករដែលមានអាយុ២០ឆ្នាំជាប់ចោទពីបទសង្ស័យជាអ្នកផ្តល់មូលនិធិក្នុងការធ្វើអំពើភេរវកម្ម។ គួរបញ្ជាក់ផងដែរថាអង្គភាពប៉ូលិសប្រឆាំងភេរវកម្មក៏បានចាប់ខ្លួនជនទី៣ម្នាក់ទៀតដែលមានអាយុ១៩ឆ្នាំនៅភាគអាគ្នេយ៍ទីក្រុងឡុងដ៏ដោយជាប់ចោទពីបទសង្ស័យបទល្មើសធ្ងន់ធ្ងរទាក់ទងទៅនឹងបញ្ហាសាសនា។ បុរសទាំង៣បច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំឃាំង និងសាកសួរព័ត៌មានបន្ថែម៕