ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៦
មន្ត្រីសន្តិសុខម្នាក់និយាយកាលពីថ្ងៃអាទិត្យថាសមាជិកនាវិកចំនួន៣នាក់នៅលើនាវានេសាទម៉ាឡេស៊ីត្រូវចាប់ជំរិតក្នុងដែនទឹកដែលជាកន្លែងដែលក្រុមពួកសកម្មប្រយុទ្ធ Abu Sayyaf យកចំណាប់ខ្មាំងកាលពីពេលមុន។ ហេតុការណ៍នេះត្រូវបានគេជឿថាបានកើតឡើងនៅយប់ថ្ងៃសៅរ៍នៅលើកោះ Pom Pom ដែលជាទីតាំងពេញនិយមការមុជក្នុងទឹកនៅភាគខាងកើតនៃរដ្ឋ Sabah។ លោក Wan Abdul Bari Abdul Khalid ដែលជាមេបញ្ជាការសន្ដិសុខនៃរដ្ឋ Sabah ភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ីប្រាប់ AFP ថាទូកនេះគឺមានផ្ទុកជនជាតិម៉ាឡេស៊ី ហើយគ្មានការផ្តល់សេចក្តីលម្អិតបន្ថែមទៀតទេ។ អាជ្ញាធរមិនបានភ្ជាប់ការចាប់ជំរិតនេះពាក់ព័ន្ធនឹងក្រុម Abu Sayyaf នោះទេ ប៉ុន្តែឧបនាយករដ្ឋមន្រ្តី Zahid Hamidi និយាយថាក្រុមនេះពិតជាទទួលខុសត្រូវទៅលើការចាប់ជំរិតជាថ្នូរនឹងការលោះយកមកវិញក្នុងតម្លៃខ្ពស់ណាមួយ។ ក្រុមចាប់នេះមានប្រតិបត្តិការនៅក្បែរប្រទេសហ្វីលីពីនភាគខាងត្បូងជិតប្រជុំកោះនៃប្រទេសម៉ាឡេស៊ី ហើយបើទោះបីជាអាជ្ញាធរត្រួតពិនិត្យដែនទឹកយ៉ាងដិតដល់ក៏ដោយក៏ក្រុមនេះអាចផ្លាស់ទីក្រោមរ៉ាដាបានដែរ នេះជាការដកស្រង់សម្តីដែលពីសារព័ត៌មាន New Straits Times ។ កាលពីខែឧសភាក្រុម Abu Sayyaf ដោះលែងនាវិកជនជាតិឥណ្ឌូនេស៊ី១៤នាក់ដែលត្រូវបានចាប់ជំរិតនៅក្នុងការវាយឆ្មក់នៅតំបន់សមុទ្រប្រទេសឥណ្ឌូនេស៊ី ហើយដែលម៉ាឡេស៊ី និងហ្វីលីពីនបើកការល្បាតរួមគ្នា។ កាលពីខែកក្កដាប៉ូលិសម៉ាឡេស៊ីនិយាយថាក្រុមនាវិកប្រាំនាក់ជាជនជាតិម៉ាឡេស៊ីត្រូវចាប់ពង្រត់ដោយក្រុម Abu Sayyaf នៅឆ្នេរសមុទ្រ Sabah ផងដែរ។ ក្រុម Abu Sayyaf គឺជាបណ្តាញនៃពួកសកម្មប្រយុទ្ធអ៊ីស្លាមដែលបង្កើតឡើងនៅក្នុងឆ្នាំ១៩៩០ ជាមួយប្រាក់គ្រាប់ពូជពីបណ្តាញអាល់កៃដាអូសាម៉ាប៊ិនឡាដិន (Al-Qaeda Osama Bin Laden) ដែលបានទទួលប្រាក់រាប់លានដុល្លារពីការចាប់ជំរិតជាថ្នូរនឹងប្រាក់លោះនោះ។ ទោះបីជាមេដឹកនាំរបស់ខ្លួនបានសច្ចាស្មោះស្ម័គ្រចំពោះក្រុមរដ្ឋអ៊ីស្លាមក៏ដោយ អ្នកវិភាគបាននិយាយថាពួកគេកំពុងផ្តោតសំខាន់លើការចាប់ជំរិតរកកម្រៃបានយ៉ាងច្រើន។ កាលពីខែមេសា និងខែមិថុនាក្រុមនេះបានកាត់ក្បាលភ្ញៀវទេសចរជនជាតិកាណាដា២នាក់បន្ទាប់ពីការទាមទារតម្លៃលោះមិនត្រូវរ៉ូវគ្នា និងបុរសជនជាតិម៉ាឡេស៊ីត្រូវបានគេកាត់ក្បាលកាលពីឆ្នាំមុនផងដែរ។ កងកម្លាំងសន្តិសុខម៉ាឡេស៊ីនៅ Sabah បានត្រៀមខ្លួន និងស្វែងរកពួកសកម្មប្រយុទ្ធដែលភៀសខ្លួនពីភាគខាងត្បូងប្រទេសហ្វីលីពីន បន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បញ្ជាឱ្យកងយោធាបង្កើនការវាយលុកប្រឆាំងនឹងក្រុមជ្រុលនិយមនេះកាលពីខែសីហា៕