ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៦
កងកម្លាំងសន្តិសុខឥណ្ឌាសម្លាប់ពួកសកម្មប្រយុទ្ធ៧នាក់នៅក្នុងហេតុការណ៍ប្រយុទ្ធគ្នាមួយដែលបន្សល់ទុកមន្ត្រីប៉ូលិសម្នាក់ស្លាប់នៅក្នុងតំបន់កាស្មៀរកាលពីថ្ងៃអាទិត្យ ខណៈដែលភាពតានតឹងក្នុងតំបន់នេះកើនឡើងខ្ពស់ជាងមុន ហើយមានការតវ៉ានៅតាមផ្លូវប្រឆាំងនឹងការគ្រប់គ្រងរបស់ប្រទេសឥណ្ឌាកើនឡើងផងដែរ។ ពួកសកម្មប្រយុទ្ធ៣នាក់ត្រូវសម្លាប់ បន្ទាប់ពីពួកគេព្យាយាមវាយប្រហារទៅលើលេខាធិការដ្ឋានរដ្ឋាភិបាលនៅទីក្រុង Poonch នៅក្បែរព្រំដែនជាមួយនឹងប្រទេសប៉ាគីស្ថាន។ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បានឱ្យដឹងថាប៉ូលិសម្នាក់ស្លាប់ខណៈដែលមន្ត្រីប៉ូលិសម្នាក់ទៀត និងជនស៊ីវិលរងរបួសខណៈដែលពួកសកម្មប្រយុទ្ធព្យាយាមវាយប្រហារអាគារនេះ។ ប៉ូលិសបាញ់តបតដែលបណ្តាលឲ្យពួកសកម្មប្រយុទ្ធរត់ទៅជ្រកនៅក្នុងអគារនៅក្បែរនោះ ក្រោយមកពួកសកម្មប្រយុទ្ធ៣នាក់ស្លាប់ក្នុងការប្រយុទ្ធគ្នាពេញមួយថ្ងៃ។ ដោយឡែកមន្ត្រីយោធាជាន់ខ្ពស់បានប្រាប់ Reuters ថាកងទ័ពបំផ្លាញការប៉ុនប៉ងជ្រៀតចូលនៃពួកសកម្មប្រយុទ្ធនៅក្បែរបន្ទាត់នៃការត្រួតពិនិត្យរបស់ប្រទេសប៉ាគីស្ថាន។ ពួកសកម្មប្រយុទ្ធ ៤នាក់ទៀតត្រូវគេបាញ់សម្លាប់ក្នុងការប្រយុទ្ធគ្នានេះផងដែរ។ ការជ្រៀតចូលប៉ុនប៉ងឆ្លងកាត់ព្រំដែនត្រូវបានរុញច្រានត្រឡប់មកវិញនៅក្នុងការបាញ់ប្រហារជាលើកទី២ តែពេលនោះគ្មាននរណាម្នាក់ស្លាប់នោះទេ។ តំបន់ធំៗជាច្រើននៅកាស្មៀរនៅតែបិទទ្វារ ហើយអាជ្ញាធរឥណ្ឌាតស៊ូទប់ទល់នឹងបាតុកម្មហិង្សាដែលបង្កឲ្យមានការសម្លាប់ដោយកងកម្លាំងសន្តិសុខកាលពីខែកក្កដាដែលក្នុងនោះមានមេបញ្ជាការសកម្មប្រយុទ្ធវ័យក្មេងម្នាក់ដែលយុវជនក្នុងតំបន់កាស្មៀរមួយចំនួនគោរពបូជាផងដែរ។ កាលពីថ្ងៃសៅរ៍ មនុស្ស២នាក់ត្រូវគេសម្លាប់ក្នុងការតវ៉ាថ្មីមួយក្នុងតំបន់កាស្មៀរ ហើយចំនួនអ្នកស្លាប់កើនឡើងដល់៧៥នាក់ចាប់តាំងពីក្រុមអ្នកតវ៉ាធ្វើបាតុកម្មតាមដងផ្លូវ បន្ទាប់ពីការសម្លាប់លោក Burhan Wani ដែលជាមេបញ្ជាការនៃក្រុម Hizbul Mujahideen។ ប៉ូលិសនៃបន្ទប់ត្រួតពិនិត្យនិយាយថាមានបញ្ហាជាច្រើនទៀតកាលពីថ្ងៃអាទិត្យនៅពេលដែលប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សនៅតំបន់ Karimabad ភាគខាងត្បូងរដ្ឋកាស្មៀរ ដែលបណ្តាលឲ្យយ៉ាងហោចណាស់មនុស្ស៥០នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នានេះ។ អំពើហិង្សានៅតំបន់កាស្មៀរប្រទេសឥណ្ឌាបានបង្កភាពតានតឹងជាមួយប្រទេសប៉ាគីស្ថានដូចជាទីក្រុង New Delhi ដែលបានស្តីបន្ទោសប្រទេសជិតខាងរបស់ខ្លួនក្នុងការជំរុញឱ្យមានបញ្ហាបន្ថែមទៀតនៅទីនោះដែលជំរុញឱ្យក្រុមសកម្មប្រយុទ្ធមានចំនួនច្រើននៅតំបន់ព្រំដែន។ មន្រ្តីប៉ូលិសនិយាយថាឥឡូវនេះកងទ័ពជាច្រើនទៀតត្រូវបានដាក់ពង្រាយនៅព្រំដែនតំបន់កាស្មៀរដើម្បីធ្វើឱ្យបរាជ័យការប៉ុនប៉ងជ្រៀតចូលនៃក្រុមសកម្មប្រយុទ្ធ។ ប៉ាគីស្ថានបានបដិសេធន៍ការផ្តល់ការគាំទ្រសម្ភារៈទៅឱ្យពួកឧទ្ទាមកាស្មៀរ៕