ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦
យោងតាមព្រះរាជអាជ្ញាបានឲ្យដឹងថាជនជាតិស៊ីរី៣នាក់សង្ស័យថាមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) ដែលចាប់ខ្លួនបន្ទាប់ពីប៉ូលិសសហព័ន្ធឆ្មក់ចូលជំរំជនភៀសខ្លួននៅភាគខាងជើងប្រទេសអាឡឺម៉ង់កាលពីព្រឹកថ្ងៃអង្គារ។ រ៉យទ័ររាយការណ៍ថាពួកគេសង្ស័យថាបុរស៣នាក់ដែលមានអាយុចន្លោះពី ១៧ ទៅ ២៦ឆ្នាំត្រូវគេបញ្ជូនទៅប្រទេសអាឡឺម៉ង់កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីអនុវត្តបេសកកម្ម និងរង់ចាំការណែនាំបន្ថែមពីក្រុមភេរវកម្ម។ ជនសង្ស័យម្នាក់ដែលគេស្គាល់ឈ្មោះ Mahir Al-H បានក្លាយជាសមាជិកក្រុម IS កាលពីខែកញ្ញា ឆ្នាំ២០១៥ និងទទួលការបណ្តុះបណ្តាអាវុធ និងគ្រឿងផ្ទុះក្នុង Raqqa ប្រទេសស៊ីរី។ នៅខែតុលាឆ្នាំដដែលនោះគាត់ និងជនសង្ស័យ២នាក់ផ្សេងទៀតឈ្មោះ Mohamed A និង Ibrahim M ចូលរួមជាមួយក្រុមភេរវករ។ ការចាប់ខ្លួននេះបានធ្វើឡើងដោយអ្នកស៊ើបអង្កេត និង GSG៩ អង្គភាពប្រឆាំងភេរវកម្មរបស់អាឡឺម៉ង់ដែលចុះរុះរើជម្រកជនភៀសខ្លួនបីកន្លែងនិងផ្ទះល្វែងជាច្រើនទៀតនៅក្នុងរដ្ឋ Lower Saxony និង Schleswig-Holstein។ អ្នកនាំពាក្យការិយាល័យប៉ូលិសព្រហ្មទណ្ឌសហព័ន្ធ (BKA) បញ្ជាក់ថាប៉ូលិសបានរកឃើញទូរស័ព្ទដៃជាច្រើនគ្រឿង និងឯកសារក្នុងកុំព្យូទ័រដែលមានទិន្នន័យទាក់ទងនិងអំពើរភេរវកម្ម៕