ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៦
មេបញ្ជាការកំពូលកងទ័ពអាកាសសហរដ្ឋអាមេរិកនិយាយកាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិកវាយប្រហារទម្លាក់គ្រាប់បែកមកលើរោងចក្រផលិតអាវុធគីមីរបស់ក្រុម ISIS ដែលស្ថិតនៅក្នុងរោងចក្រផលិតឱសថមួយកន្លែងក្នុងប្រទេសអ៊ីរ៉ាក់។ ប្រភពបន្តថា យន្តហោះចម្បាំងចំនួន១២គ្រឿងត្រូវបានប្រើប្រាស់ក្នុងយុទ្ឋនាការវាយប្រហារទម្លាក់គ្រាប់បែកមកលើទីតាំងផលិតអាវុធគីមីនេះ។ គួរបញ្ជាក់ផងដែរថាការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍ពីអង្គការសហប្រជាជាតិកាលពីខែមុនដែលរកឃើញថាទាំងរបបរបស់លោកប្រធានាធិបតីប្រទេសស៊ីរី លោក បាសាអាល់អាសាដ និងក្រុម ISIS បានប្រើប្រាស់អាវុធគីមីនៅក្នុងសង្គ្រាមរយៈពេលជាង៥ឆ្នាំមកនេះ។ ការស៊ើបអង្កេតរយៈពេលពេញមួយឆ្នាំដោយអង្គការហាមឃាត់អាវុធគីមីដែលបានរកឃើញកាលពីខែសីហាថារដ្ឋាភិបាលប្រទេសស៊ីរី ជាពិសេសកងកម្លាំងអាកាសប្រទេសស៊ីរី បានប្រើប្រាស់ឧស្ម័នក្លរីនយ៉ាងហោចណាស់២ដងចាប់តាំងពីឆ្នាំ២០១៣មកម្លេះ។ អង្គការនិយាយទៀតថាក្រុម ISIS ប្រើប្រាស់ឧស្ម័នមូស្ដាតក្នុងការវាយប្រហារផងដែរ៕