ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៦
សមត្ថកិច្ចចាប់ខ្លួនអភិបាលក្រុងតូចមួយនៅក្នុងសារធារណរដ្ឋ Honduras ជាប់សង្ស័យពីបទដឹកនាំក្រុមឃាតករ។ សារធារណរដ្ឋ Honduras មានបទឧក្រិដ្ឋខ្ពស់ជាងគេក្នុងពិភពលោកដែលមនុស្ស៦០នាក់ក្នុងចំណោម១០០,០០០នាក់ត្រូវគេធ្វើឃាតជារៀងរាល់ឆ្នាំ។ ទាក់ទងនឹងរឿងធ្វើឃាត អភិបាលក្រុងលោក ដេលវីន សាឡាហ្គាដូ អាយុ៣៥ឆ្នាំ ដែលជាមនុស្សម្នាក់ជាប់សង្ស័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋកាលពីឆ្នាំ២០១៥ នេះបើយោងតាមប្រភពព័ត៌មានអាជ្ញាធរមានសមត្ថកិច្ចបានបញ្ជាក់។ ប៉ូលិសចាប់ឃុំខ្លួនលោកពីបទឃាតកម្ម និងបើកសមាគមខុសច្បាប់។ គេចោទប្រកាន់លោក សាឡាហ្គាដូ ពីបទឃាតកម្មតាំងពីឆ្នាំ២០១៣ និង២០១៤ រួមទាំងជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌក្នុងតំបន់មួយចំនួនផ្សេងទៀត។ លើសពីករណីនេះ នៅមានការវាយឆ្មក់ចំនួន១១៥ករណីផ្សេងទៀតនៅទូទាំងប្រទេសដោយជនល្មើត្រូវចាប់ខ្លួនពីបទសង្ស័យប្លន់ ការជួញដូរគ្រឿងញៀនកូកាអ៊ីន ជួញដូរកញ្ឆា រត់ពន្ធអាវុធ ជួញដូរមនុស្ស លួច និងបង្កើតក្រុមឃាតករជាដើម។ រដ្ឋាភិបាល Honduras ព្យាយាមចាត់វិធានការណ៍លើបទឧក្រិដ្ឋក្នុងសង្គមនេះ។ ក្នុងខែមេសាឆ្នាំនេះរដ្ឋាភិបាលបញ្ជាឲ្យបោសសំអាតនគរបាល និងមន្រ្តីប៉ូលិសជាន់ខ្ពស់៣០០នាក់ពីការងារដោយពួកគេជាប់ពាក់ព័ន្ធពីបទឧក្រិដ្ឋកម្មនានា។ ក្នុងប្រតិបត្តិការបោសសំអាតមានមន្ត្រីប្រហែល១០,០០០នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត៕