ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មនុស្ស២៣នាក់ស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគខាងជើងប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្រនៅភូមិដាច់ស្រយាលភាគខាងជើង ក្រុងផេស្ហាវ៉ា។ ការវាយប្រហារនេះបានកំណត់គោលដៅលើអ្នកអធិស្ឋាន។ ក្រោយមកមន្ត្រីមានសមត្ថកិច្ចបានឲ្យដឹងថាមានមនុស្សប្រមាណជា៤០នាក់រងរបួសដែលភាគច្រើនជាកុមារ និងមនុស្ស២៣ស្លាប់។ តាមប្រភពរាយការណ៍មួយបានបញ្ជាក់ថាជាកាពិតក្រុមឧទ្ទាមតាលីប៉ង់ដែលហៅថា Jamaat-ul-Ahrar បានធ្វើសកម្មភាពវាយប្រហារក្នុងគោលបំណងលើក្រុមអង្គភាពមន្រ្តីរដ្ឋាភិបាលចាស់ៗដែលប្រឆាំងនឹងក្រុមរបស់ខ្លួន។ ថ្មីៗនេះនៅតំបន់ជនជាតិភាគតិចក្នុងប្រទេសប៉ាគីស្ថាន ក៏រងការវាយប្រហារពីក្រុមឧទ្ទាមតាលីប៉ង់ និងក្រុមឧទ្ទាមអ៊ីស្លាមដែរ។ ដើម្បីកាត់បន្ថយអំពើរហិង្សាកងកម្លាំងយោធាប៉ាគីស្ថានបានចេញប្រតិបត្តិការនៅតំបន់នោះតាំងពីឆ្នាំ២០១៤ និងបន្តឈរជើងរហូតមកដល់បច្ចុប្បន្ន៕