ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៦
ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមអាល់សាបាអាប (Al Shabaab) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តក្នុងទីក្រុង Mogadishu ដែលសម្លាប់មេបញ្ជាការម្នាក់ និងអង្គរក្យរបស់គាត់៤នាក់ទៀតកាលពីថ្ងៃអាទិត្យ។ លោកឧត្តមសេនីយ៍ Mohamed Robles Jimale មេបញ្ជាការកងទ័ពសូម៉ាលីកងពលធំទី៣ និងជាឥស្សរជននាំមុខក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមអាល់សាបាអាបបានស្លាប់ខណៈដែលគាត់កំពុងចាកចេញពីបរិវេណយោធាមួយកន្លែង។ ប្រភពបន្តថាមេបញ្ជាការរូបនេះរងរបួសក្នុងការវាយប្រហារ និងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ គួរបញ្ជាក់ផងដែរថាក្រុមអាល់សាបាអាបគឺជាក្រុមសូម៉ាលីអ៊ីស្លាមជ្រុលនិយមមួយដែលបានអនុវត្តការវាយប្រហារម្តងហើយម្តងទៀតប្រឆាំងនឹងរដ្ឋាភិបាលសូម៉ាលីដោយផ្តោតលើគោលដៅយោធា៕