ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១៦
ក្រុមសកម្មជនឧទ្ទាម al-Shabab និយាយថាខ្លួនបានសម្លាប់គ្រិស្តសាសនិកចំនួន៦នាក់នៅភាគខាងកើតនៃប្រទេសកេនយ៉ាក្នុងគោលបំណងបង្ខំឲ្យពួកគេចេញពីតំបន់នោះ។ ការគប់គ្រាប់បែក និងវាយប្រហារដោយកាំភ្លើងបានធ្វើឡើងនៅប្លុកលំនៅស្ថានមួយ ក្នុងតំបន់ក្រុងម៉េនដឺរ៉ានៅពេលដែលមនុស្សកំពុងតែដេកលង់លក់នេះបើយោងតាមប្រភពព័ត៌មានទទួលបានពីមន្រ្តីប៉ូលិស។ ការវាយប្រហារត្រូវបានរៀបចំ និងមានគោលបំណងជាស្រេចលើគ្រិស្តសាសនិកនៅឯក្រុងម៉េនដឺរ៉ានេះបើយោងតាមប្រភពរាយការណ៍ចេញពីវិទ្យុដែលកាន់កាប់ដោយក្រុម al-Shabab។ ក្រុម al-Shabab ធ្វើបែបនេះព្រោះចង់ឲ្យអ្នកដែលពុំមែនជាជនជាតិអ៊ីស្លាមចាកចេញពីតំបន់នោះ នេះបើយោងតាមប្រភពព័ត៌ពីអ្នកនាំពាក្យប្រាប់មកបណ្តាញសារព័ត៌មាន BBC។ ជនរងគ្រោះឈ្មោះ Sadiq Sharif ជាមនុស្សម្នាក់ដែលរួចជិវិតក្នុងចំណោមមនុស្ស២៧នាក់ផ្សេងទៀតបាននិយាយថាក្រុម al-Shabab បានវាយឆ្មក់ក្នុងបរិវេនប្លុកលំនៅស្ថានគ្រិស្តសាសនិក ហើយជាការពិតវាមានទីតាំងជិតស្ថានីយ៍ប៉ូលិសមួយក្នុងតំបន់នោះ។ ក្រោយមកលោក Sadiq Sharif អរគុណដល់ប៉ូលិសក្នុងតំបន់ដែលបានជួយសង្គ្រោះគ្រិស្តសាសនិក ហើយគាត់បន្ថែមថាបើគ្មានការជួយសង្គ្រោះទាន់ទេ ពួកគាត់ប្រាកដជាមិនរួចខ្លួននោះទេ៕