ប្រទេសហ្វីលីពីនចាប់ខ្លួនពួកសកម្មប្រយុទ្ធ៣នាក់ដែលជាប់សង្ស័យថាបានបំផ្ទុះគ្រាប់បែកនៅស្រុកកំណើតរបស់ប្រធានាធិបតី Duterte

0

ប្រភពព័ត៌មានពី Channelnewsasia ចុះផ្សាយថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៦

រដ្ឋមន្រ្តីក្រសួងការពារជាតិបានឱ្យដឹងនៅថ្ងៃសុក្រនេះថាកងកម្លាំងសន្តិសុខប្រទេសហ្វ៊ីលីពីនបានចាប់ខ្លួនបុរស៣នាក់ដែលសង្ស័យថានៅពីក្រោយការវាយប្រហារកាលពីខែមុននៅទីផ្សារតាមចិញ្ចើមផ្លូវមួយដែលជាស្រុកកំណើតរបស់ប្រធានាធិបតី លោក Duterte និងបានរកឃើញទៀតថាពួកគេមានជាប់ទំនាក់ទំនងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ លោក Delfin Lorenzana និយាយនៅក្នុងសន្និសីទកាសែតមួយថាជនសង្ស័យជាបក្សពួករ៉ាឌីកាល់នៃក្រុមឧទ្ទាមមួយរបស់មូស្លីម និងបានចាប់ខ្លួននៅប៉ុស្តិ៍ត្រួតពិនិត្យខណៈដែលមានការដឹកជញ្ជូនគ្រាប់បែកជាច្រើន។ លោក Lorenzana បាននិយាយថាយើងរកឃើញបំណែករឹងមាំជាច្រើនដែលជាភស្តុតាងបង្ហាញថាពួកគេពិតជាភេរវករដែលបានវាយប្រហារគប់គ្រាប់បែកនៅទីក្រុងដាវ៉ាវ។ ជនសង្ស័យទាំង៣នាក់នេះស្លៀកពាក់ឯកសណ្ឋានពណ៌ទឹកក្រូច និងដៃជាប់ខ្នោះ។ គួរបញ្ជាក់ផងដែរថាមនុស្ស១៤នាក់ស្លាប់ និង៧០នាក់ផ្សេងទៀតរងរបួសក្នុងការបំផ្ទុះគ្រាប់បែកនៅថ្ងទី២ ខែកញ្ញានៅទីក្រុងដាវ៉ាវដែលជាទីក្រុងលោក Rodrigo Duterte ធ្វើជាចៅហ្វាយក្រុងអស់រយៈពេល២២ឆ្នាំមុនពេលដែលលោកជាប់ឆ្នោតជាប្រធានាធិបតី។ នៅខណៈដែលផ្ទុះគ្រាប់បែកនោះ លោក Duterte បានចំណាយពេលវេលាចុងសប្តាហ៍របស់លោកទៅលេងស្រុកកំណើត ប៉ុន្តែមិនស្ថិតនៅជិតកន្លែងផ្ទុះនោះទេ៕

phillipine-09-10-16