ប្រភពព័ត៌មានពី Channelnewsasia ចុះផ្សាយថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦
មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងបានឱ្យដឹងថាកាលពីថ្ងៃព្រហស្បតិ៍នេះសាកសពជនជាតិកូរ៉េខាងត្បូង៣នាក់ដែលមានរបួសគ្រាប់កាំភ្លើងនៅចំក្បាលដែលគេរកឃើញក្នុងប្រទេសហ្វីលីពីនគឺជាការសម្លាប់ជនជាតិកូរ៉េចុងក្រោយក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានធ្វើយុទ្ធនាការប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មដែលគ្មានមេត្តាចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី ៣០ ខែមិថុនាដែលក្នុងនោះមនុស្សប្រមាណជា៣,៦០០នាក់ស្លាប់ក្នុងប្រតិបត្ដិការរបស់ប៉ូលិស។ សាកសពបុរស២នាក់ និងស្ត្រីម្នាក់ដែលមានវ័យចំណាស់អាយុប្រមាណជា៤០ឆ្នាំរងរបួសដោយគ្រាប់កាំភ្លើងបាញ់ចំក្បាលដែលគេរកឃើញកាលពីថ្ងៃអង្គារក្នុងទីក្រុង Bacolod ក្រៅរដ្ឋធានីម៉ានីល។ មន្ត្រីកុងស៊ុលកូរ៉េខាងត្បូងកំពុងធ្វើការជាមួយនឹងអាជ្ញាធរហ្វ៊ីលីពីនទៅលើករណីនេះ ប៉ុន្តែជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ នេះបើតាមមន្ត្រីមួយរូបដែលសុំមិនបញ្ចេញឈ្មោះនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ ស្ថានទូតហ្វីលីពីនក្នុងទីក្រុងសេអ៊ូលបានបដិសេធមិនធ្វើអត្ថាធិប្បាយ។ ជើងនៃជនរងគ្រោះជាបុរសម្នាក់ត្រូវគេចង ខណៈពេលដែលដៃរបស់ស្ត្រីម្នាក់ទៀតក៏ត្រូវបានគេចងដូចគ្នា។ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានឱ្យដឹងថានេះជាករណីទី៦ដែលរកឃើញសាកសពជនជាតកូរ៉េក្នុងប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ។ គួរបញ្ជាក់ផងដែរថាប្រទេសហ្វីលីពីនជាកន្លែងដែលប្រជាពលរដ្ឋកូរ៉េខាងត្បូងជាងដប់នាក់ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣៕