ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៦
ក្រុមចម្រុះយោធាដឹកនាំដោយ Saudi គាំទ្ររដ្ឋាភិបាលក្នុងសង្គ្រាមនៅប្រទេសយ៉េមែនបានចោទប្រកាន់ក្រុមឧទ្ទាម Houthis ពីបទរំលោភបទឈប់បាញ់គ្នាម្តងហើយម្តងទៀត។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថាក្រុមឧទ្ទាមបាញ់រំលោភប្រមាណជា៤០ដងនៅតាមបណ្តោយព្រំដែនជាមួយកងកម្លាំង Saudi។ គ្រាប់រ៉ូកែតជាច្រើនដែលបាញ់ដោយក្រុមឧទ្ទាម Houthi នៅតំបន់ Jazan និង Najran លើក្រុមកម្លាំង Saudi នេះបើយោងតាមប្រភពព័ត៌មានទទួលបានពីកងកម្លាំងចម្រុះក្នុងសេចក្តីថ្លែងការណ៍។ ប្រភពដដែលបានបន្ថែមទៀតថាគ្រាប់ចំនួន៤៣គ្រាប់បានបាញ់នៅតាមបណ្តោយព្រំដែនដែលមានអ្នកលបបាញ់ដែលពួកគេប្រើអាវុធជាច្រើនក្នុងនោះមានគ្រាប់មីស៊ីលផងដែរ។ ទាក់ទិននឹងបញ្ហានេះក្រុមឧទ្ទាមលើកឡើងថាមានការវាយប្រហារតាមអាកាសមួយនៅលើទឹកដីរបស់ពួកគេបានសម្លាប់មនុស្ស៣នាក់។ ជម្លោះ និងការហ៊ុមព័ទ្ធសេដ្ឋកិច្ចដែលបានដាក់ដោយក្រុមចម្រុះដឹកនាំដោយ Saudi បានបង្កឱ្យមានគ្រោះមហន្តរាយដល់មនុស្សដែលបន្សល់ទុកមនុស្សរាប់លាននាក់គ្មានផ្ទះសម្បែង អត់ឃ្លាន និង៨០ភាគរយនៃចំនួនប្រជាជននៅក្នុងតំបន់នោះត្រូវការជំនួយ។ អង្គការសហប្រជាជាតិសង្ឃឹមថាបទឈប់បាញ់នេះនាំឱ្យមានការចរចាសន្តិភាពជាថ្មី។ ការប្រកាសបទឈប់បាញ់គ្នាបានធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីអន្តរជាតិលើការស្លាប់ប្រជាជន១៤០នាក់ក្នុងការវាយប្រហារតាមអាកាសរបស់កងកម្លាំង Saudi ហើយមានការប្រារពបុណ្យសពយ៉ាងសង្រេងនៅក្នុងតំបន់ Sanaa។ ព័ត៌មានផ្លូវការពីកងកម្លាំង Saudi និយាយថាពួកគេកំណត់គោលដៅខុសក្នុងការវាយប្រហារ ដោយសារការទទួលបានព័ត៌មានខុស៕